ភ្នំពេញ៖ ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត! ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១។
លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងបន្តថា, មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
លោកបានបន្តថា, មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ
អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ១០.០០០.០០០(ដប់លាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
ដោយ ៖ សិលា