ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការចេញ-ចូល ឡើងវិញ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ទូទៅ មេត្តាជ្រាបថា៖ រដ្ឋបាលខេត្ត សម្រេចបើកដំណើរការចេញ-ចូល ឡើងវិញ ភូមិគោកត្នោត សង្កាត់ គោកចក ក្រុងសៀមរាប ខេត្ត សៀមរាប ដើម្បីជួយសម្រួលដល់ការរស់នៅការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ទន្ទឹមនឹងនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល -និងក្រសួងស្ថាប័នពាក់ព័ន្ធ លើវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តការរាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី -ខេត្ត ។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬដែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទ ជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ -អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា