នៅថ្ងៃទី ០២ខែមេសា ក្រសួងគ្រប់គ្រង ចរាចរណ៍កោះតៃវ៉ាន់ បានបញ្ជាក់ថា មានអ្នកស្លាប់ ដល់ទៅ៣៦នាក់ និង ៧២នាក់រងរបួស ហើយនៅមានមនុស្ស៧០នាក់ ជាប់គាំងនៅខាងក្នុងរថភ្លើងនៅឡើយទេ។ នេះជាគ្រោះថ្នាក់ផ្លូវដែកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅកោះតៃវ៉ាន់រយៈពេល ៤ទសវត្សរ៍កន្លងមក។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី០២ខែមេសា(ពេលវេលាក្នុងតំបន់)។ ពេលគ្រោះថ្នាក់រថភ្លើងមានអ្នកដំណើរ ៣៥០ នាក់មានទូរថភ្លើងសរុប៨ទូ ហើយគ្រោះថ្នាក់បានធ្វើឲ្យទូរថភ្លើងជាច្រើន ធ្លាក់ចេញពីផ្លូវ ប៉ះទង្គិចជាមួយ ក្លោងទ្វារចូលទៅក្នុងរូងក្រោមដី។
នៅពេលនេះដែរ ក្រុមជួយសង្គ្រោះកំពុងតែខិតខំដុតដៃដុតជើងដើម្បីជួយអ្នកដែលជាប់គាំងនៅខាងក្នុង។ អ្នកដំណើរប្រមាណ ១០០នាក់ត្រូវបានបញ្ជូនចេញពីទូរថភ្លើងចំនួន៤។
ចាប់តាំងពីទូទី៥ដល់ទូទី៨ (ពីមុខទៅក្រោយ) រងការខូចខាតយ៉ាងខ្លាំងដោយសារតែខ្ទាតចេញពីផ្លូវ និងជាប់គាំងនៅក្នុងរូងពិបាកនៅក្នុងការជួយសង្គ្រោះយ៉ាងខ្លាំង។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់គឺដោយសារតែ រថយន្តដឹកទំនិញធុនធំ ចតមិនចំគោលដៅរអិលមកកាន់ផ្លូវដែកទើបមានគ្រោះថ្នាក់កើតឡើង។
មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាឲ្យមន្ទីរពេទ្យក្នុងតំបន់ត្រៀមទទួលនិងព្យាបាលអ្នករងរបួសដោយយកចិត្តទុកដាក់បំផុត។
កាលពីឆ្នាំ២០១៨ ក៏មានករណីគ្រោះថ្នាក់រថភ្លើងផងដែរបណ្តាលឲ្យមានអ្នកស្លាប់ ១៨នាក់និង របួស២០០នាក់។ នៅឆ្នាំ១៩៩១ ក៏មានគ្រោះថ្នាក់ទ្រង់ទ្រាយធំបំផុត សម្លាប់មនុស្ស ៣០ នាក់និង របួស១១២នាក់ ដោយរថភ្លើងពីរគ្រឿងបុកគ្នា ៕ដោយ៖ធីរីណា
រូបភាព៖6park.news
រូបភាព៖CNA