ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាវៀតណាម៖​ សម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីលោក ង្វៀន សួនហ្វ៊ុក​;​ ប៉ុន្តែ​លោកត្រូវ​តែងតាំងជាប្រធានាធិបតីវិញ

ចែករំលែក៖

អន្តរជាតិ​៖​ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២១នេះ​ រដ្ឋសភាវៀតណាម​បានអនុម័តសេចក្តីសម្រេចបញ្ចប់តំណែង​លោក ង្វៀន សួនហ្វ៊ុក​ពីនាយករដ្ឋមន្ត្រី ក្រោយបានបំពេញការងារអស់រយៈពេល៥ឆ្នាំ។ ប៉ុន្តែ​លោក ង្វៀន សួនហ្វ៊ុក ត្រូវបានបក្សកុម្មុយនីស្ត វៀតណាមជ្រើសតាំងជាបេក្ខភាពប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង។

បើតាមសារព័ត៌មានវៀតណាម Viet Nam News​ បានចុះផ្សាយថា​ អំឡុងកិច្ចប្រជុំថ្ងៃទី២ ខែមេសានេះ​ តំណាងរាស្ត្រចំនួន៤៤៦ ក្នុងចំណោម៤៥២ បានបោះឆ្នោតគាំទ្រលើសំណើបញ្ចប់តំណែងនាយករដ្ឋមន្ត្រីពីលោក ង្វៀន សួនហ្វ៊ុក។ ខណៈ​សភាវៀតណាមកំពុងដំណើរការសម័យប្រជុំចុងក្រោយនៃ នីតិកាលទី១៣ របស់ខ្លួនដែលគ្រោងបញ្ចប់នៅថ្ងៃទី៨ ខែមេសាខាងមុខ។ លោក ហ្វ៊ុក នឹងបន្តកាន់តំណែង នាយករដ្ឋមន្ត្រីវៀតណាមដល់ថ្ងៃទី៥ ខែមេសា ដែលជាថ្ងៃអ្នកស្នងតំណែងលោកត្រូវប្រកាសជាផ្លូវការ។

ប៉ុន្តែ​ចំពោះ​ការបញ្ចប់តំណែងលោក ង្វៀន សួនហ្វ៊ុក នឹងបើកផ្លូវដល់ការតែងតាំងរដ្ឋាភិបាលថ្មី ក៏ដូចជាការបោះឆ្នោតតែងតាំងរូបលោក ជាប្រធានាធិបតីវៀតណាមថ្មីផងដែរ។

បេីតាមលោក Nguyễn Hạnh Phúc អគ្គលេខាធិការសភាវៀតណាម បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ហ្វ៊ុក ត្រូវបានស្នើជាបេក្ខភាពជាប្រធានាធិបតី។ លោក ហ្វ៊ុក ជាករណីទីមួយហើយក្នុងប្រវត្តិនយោបាយវៀតណាម ដែលនាយករដ្ឋមន្ត្រីកាន់តំណែងត្រូវបានជ្រើសតាំងជា បេក្ខភាពប្រធានាធិបតី។ សភាវៀតណាម បានអនុម័តសេចក្តីសម្រេចបញ្ចប់តំណែងប្រធានាធិបតីរបស់ លោក ង្វៀន ភូជុង រួចហើយដែរ។

ទន្ទឹម​នឹង​នេះ​ តំណាងរាស្ត្រវៀតណាម គ្រោងបោះឆ្នោតតែងតាំងលោក ផាម មិញឈិញ ជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី៥ ខែមេសា ហើយរដ្ឋាភិបាលវៀតណាមថ្មីគ្រោងនឹងចូលស្បថកាន់តំណែងនៅថ្ងៃដដែល។ លោក ឈិញ ជាប្រធានគណៈចាត់តាំងបក្សកុម្មុយនីស្តវៀតណាម។

សូមជម្រាបថា​ លោក ង្វៀន សួនហ្វ៊ុក កាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ក្នុងរយៈពេល៥ឆ្នាំនៃការ កាន់តំណែង ផលិតផលសរុបក្នុងស្រុកវៀតណាមមានការកើនឡើងជាលំដាប់ ដោយថែមទាំងសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនផងដែរ។ លេីសពីនេះ​ លោកក៏ត្រូវបានសាធារណៈជន វៀតណាមកោតសសើរចំពោះការឆ្លើយតបទៅនឹងការផ្ទុះជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា​ អំណាចដឹកនាំរដ្ឋនៅវៀតណាមត្រូវបានបែងចែកទៅកាន់បុគ្គលសំខាន់ៗ៤រូប គឺអគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម; ប្រធានាធិបតី ;នាយករដ្ឋមន្ត្រី និងប្រធានសភា។ ដោយឡែក​សមាជបក្សកុម្មយនីស្តវៀតណាម ដែលឡើងពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ជ្រើសតាំងលោក ជុង ឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សអាណត្តិទី៣។ ចំណែកតំណែងប្រធានសភាបានទៅលោក Vuong Dinh Hue ៕

ដោយ​៖ស​ តារា

​លោក ង្វៀន សួនហ្វ៊ុក​ នាយករដ្ឋមន្ត្រីវៀតណាម

 


ចែករំលែក៖