ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការរាជធានីភ្នំពេញ ថ្លែងថា យប់នេះ សមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តបម្រាមគោចរ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង ចាប់ផ្តើមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ លើកលែងតែ ចំណុចមួយចំនួន។

លោកស្នងការរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល វីរុសកូវីដ-១៩ ។
ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែលមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត! ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ ២០២១ម្សិលមិញ។
លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងបន្តថា, មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍​ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
លោកបានបន្តថា, មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ
អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់​ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ១០.០០០.០០០(ដប់លាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល​ឱ្យមានការចម្លងជំងឺ​កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖

ទី១៖ Hotline 1299
ទី២៖ 098 379 777
ទី៣៖ 077 856 966
ទី៤៖ 099 429 040
បើតាមលោក ម៉េត មាសភក្ដី ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗជូន ២៤ម៉ោងលើ២៤ម៉ោង ក្នុងករណីឆ្លល់អំពីបម្រាមគោចរ ៕

ដោយ៖ សិលា


ចែករំលែក៖