ដោយសារតម្រូវការហោះហើរកាន់តែច្រើន នៅថ្ងៃទី១ខែមេសា(ពេលវេលាអាមេរិក) ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក United Airlines បានប្រកាសជ្រើសរើសអាកាសយានិក ៣០០នាក់ ដើម្បីបំពេញតម្រូវការហោះហើរដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅអាមេរិក។
សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់លោក Bryan Quigley អគ្គនាយកគ្រប់គ្រងការហោះហើររបស់ក្រុមហ៊ុន United Airlines បានបញ្ជាក់ថា ពលរដ្ឋបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កើនឡើងច្រើន ហើយតម្រូវការធ្វើដំណើរក៏កើនឡើងផងដែរ។ ដូច្នេះក្រុមហ៊ុន នឹងត្រូវបង្កើនការហោះហើរ ហើយក្រុមអាកាសយានិកដែលបានផ្អាកការងារកាលពីឆ្នាំ ២០២០ អាចនឹងមកបន្តធ្វើការឡើងវិញ។
លោក Bryan Quigley បានឲ្យដឹងថា ចំនួនអាកាសយានិកដែលនឹងត្រូវជ្រើសរើសមកបម្រើការវិញគឺអាស្រ័យទៅលើដំណើរការហោះហើរ ក្រោយកូវីដ-១៩ ។ បណ្តាក្រុមហ៊ុនអាកាសចរណ៍ បានកាត់បន្ថយបុគ្គលិកដើម្បីកាត់បន្ថយការចំណាយ ដោយសារតែការផ្ទុះកូវីដ-១៩ ធ្វើឲ្យតម្រូវការធ្វើដំណើររបស់ពលរដ្ឋក៏ថយចុះផងដែរ ។ ទាំងនោះហើយបុគ្គលិករាប់ពាន់នាក់ត្រូវផ្អាកពីការងារ ដោយមិនមានប្រាក់ខែ រង់ចាំដំណើរការហោះហើរឡើងវិញ ។
សមាគមពាណិជ្ជកម្មអាកាសចរណ៍ អាមេរិក «Airlines for America (A4A)»បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍
បានខាតបង់ទឹកប្រាក់៣៥លានដុល្លារ នៅក្នុងឆ្នាំ២០២០ ។
នៅពេលនេះចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,២៤៤,៦៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៦,៦១១នាក់ និងជាសះស្បើយ
សរុប ២៣,៧៥៤,៣៩១នាក់។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៦,៧៨៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
តាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៣០,៣១៣,៤៦៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,៨៤២,៦២១នាក់បានស្លាប់បាត់បង់ជីវិត និង១០៤,៩៩៦,៣១៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕ដោយ៖ ធីរីណា
រូបភាព៖AFP/TTXVN