ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលនៅស្រុកកណ្ដាលស្ទឹង បានជិះម៉ូតូត្រឡប់មកផ្ទះក៏ត្រូវរថយន្តកូរ៉ូឡាបុកចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅចំណុចលេីផ្លូវបេតុង ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ដាញ់ ស៊ីវិល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ចំណែកអ្នកបើកបររថយន្តខាងលើមានឈ្មោះ សួង ចាន់រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O -2411តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ដែលជាមន្ត្រីនគរបាលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក នគរបាល1-1803 ត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក៏ត្រូវរថយន្តបង្កបេីកមកបុកចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោលក្បាលរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ដេីម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់ ។ ដោយឡែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅធ្វើការវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយបន្តតាមច្បាប់ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ