ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភ្នំពេញ មានបំណងចូលក្នុងភូមិសាស្ត្រខេត្តតាកែវ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិន​; នេះបើ​តាមការបញ្ជាក់ពី​អភិបាលស្រុកត្រាំកក់

ចែករំលែក៖

ខេត្ត​តាកែវ​៖ បេីតាមការ​លេីក​ឡេី​ងរបស់លោក កែវ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ​ បានឲ្យដឹងថា​ ប្រជាពលរដ្ឋរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ មានគោលបំណងចង់ទៅលេងក្រុមគ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកតាំកក់ ខេត្តតាកែវ គឺត្រូវតែធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។ ការលើកឡើង​បែបនេះ​ របស់លោកអភិបាលស្រុក​ ធ្វើ​ឡើង​ដេីម្បីឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ សាកសួរ​ថាតើត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ឬយ៉ាងណានៅពេលទៅដល់?។

ជាក់ស្ដែង​​បន្ទាប់ពីប្រជាពលរដ្ឋមានចម្ងល់សាកសួរមកលោកអភិបាលស្រុកត្រាំកក់​ កែវ វគ្គសែល​ ថា៖ តើអ្នកភ្នំពេញចង់មកលេងគ្រួសារ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ត្រូវធ្វើយ៉ាងណា? លោកអភិបាលស្រុករូបនេះ បានឆ្លើយថា៖ «បាទ អាស្រ័យលើការសាកសួរព័ត៌មានផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ ក៏ប៉ុន្តែជាទូទៅ គឺតម្រូវ​ឱ្យគាត់ធ្វើចត្តាឡីស័ក»។

ដោយឡែក​ពាក់ព័ន្ធនឹងបញ្ហានេះដែរ​ បុរសម្នាក់ឈ្មោះ រ៉េន ដែលកំពុងរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា​ គាត់មានភរិយា និងកូន២នាក់ រស់នៅជាមួយម្តាយនៅ​ក្នុងភូមិសាស្ត្រស្រុកត្រាំកក់​ ប៉ុន្តែ​ពេល​នេះ​គាត់ចង់ទៅលេងប្រពន្ធកូន ត្រូវបានអាក់ខានទៅវិញ ដោយសារតែវិធានការតម្រូវឲ្យធ្វើចត្តាឡីស័កនេះ​។

បុរសរូបនេះ​ បន្តថា វិធានការនេះមិនសមហេតុផលទាល់តែសោះ អាជ្ញាធរគួរតែមានការកំណត់ឲ្យបានត្រឹមត្រូវ នូវបុគ្គលណាដែលមានហានិភ័យ និងបុគ្គលដែលគ្មាន​ហានិភ័យ​​នៃការចម្លងជំងឺកូវីដ១៩ ដើម្បីអាចឲ្យប្រជាពលរដ្ឋ បានចេញចូលទៅជួបជុំគ្រួសាររបស់ខ្លួនបាន មិនគួរណាកំណត់ឲ្យតែអ្នកមកពីភ្នំពេញ ត្រូវធ្វើចត្តាឡីស័ក​ទាំង​អស់នោះទេ។

បន្ថែមពីនេះ​ បុរសរូបនេះ​ បានសង្កត់ធ្ងន់ថា​ ចំពោះ​រូបគាត់​ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរដងរួចហើយដែល​។ ដូច្នេះ​លោក​ បានស្នើឲ្យ លោក អ៊ូច ភា អភិបាលខេត្តតាកែវ​ គួរតែពិចារណាវិធានការ ដែលអាជ្ញាធរ​ថ្នាក់ក្រោម​របស់លោក បានដាក់ចេញនេះឡើងវិញ ថាតើបុគ្គលមានលក្ខណៈបែបណាគួរធ្វើចត្តាឡីស័ក និងបុគ្គលបែបណាមិនគួរធ្វើចត្តាឡីស័ក៕

ដោយ​៖សហការី​


ចែករំលែក៖