ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០៣១នេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា, ចាប់ពីម៉ោង៨យប់ថ្ងៃទី០២ដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី០៣ ខែមេសានេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់អ្នកដែលធ្វើដំណើរល្មើសបម្រាមគោចរចំនួន៧៣នាក់ ក្នុងនោះមានម៉ូតូចំនួន៦៥គ្រឿងនិងរថយន្តចំនួន៨គ្រឿង។
ម៉ូតូនិងរថយន្តទាំង៧៣គ្រឿងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅតាមអធិការដ្ឋានខណ្ឌ។ ចំណែកអ្នកបើកបរល្មើសនឹងបម្រាមគោចរ ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមូលដ្ឋាន។
អ្នកនាំពាក្យបានបន្តទៀតថា, នៅថ្ងៃទី១នៃការអនុវត្តទៅលើវិធានការរបស់សាលារាជធានីភ្នំពេញនេះឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងនិងបានចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងនោះមានពលរដ្ឋតិចតួចប៉ុណ្ណោះដែលនៅល្មើសនិងបំពានការហាមឃាត់នេះ ហើយ លោកសង្ឃឹមថា នៅយប់នេះឬយប់ជាបន្តបន្ទាប់ទៀតចំនួនពលរដ្ឋដែលល្មើសនឹងកាន់តែមានការថយចុះជាបន្តបន្ទាប់ទៀតព្រោះថា ប្រជាពលរដ្ឋបានឃើញថា សមត្ថកិច្ចពិតជាបានអនុវត្តជាក់ស្តែងតែម្តងមិនមែនដាក់វិធានការហើយមិនអនុវត្តនោះទេ។
សូមជម្រាបថា, ការចុះអនុវត្តវិធានការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចំពោះបម្រាមគោចរ ចាប់ពីថ្ងៃទី១ ខែមេសាដល់ថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២១ ដែលធ្វើឡើងដោយគណៈបញ្ជាការឯកភាពទាំង ១៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ គឺនៅយប់ថ្ងៃទី ២ ខែមេសា លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមគោលដៅទាំងយប់ ជាការលើកទឹកចិត្តដល់អាជ្ញាធរនិងសមត្ថកិច្ច និងភាពទទួលខុសត្រូវក្នុងនាមជាថ្នាក់ដឹកនាំអាជ្ញាធរក្រុង៕
ដោយ ៖ សិលា