ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​តៃវ៉ាន់៖​ ក្រោយករណីគ្រោះថ្នាក់រថភ្លើង សម្លាប់មនុស្ស៥០នាក់ រដ្ឋអាជ្ញាទាមទារឲ្យចាប់ខ្លួនម្ចាស់ការដ្ឋានសំណង់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ រដ្ឋអាជ្ញាកោះតៃវ៉ាន់​ កំពុងទាមទារឲ្យមានដីកាចាប់ខ្លួន អ្នកគ្រប់គ្រងការដ្ឋានសំណង់មួយកន្លែង ដែលត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការធ្វេសប្រហែស ជាដើមហេតុបង្កឱ្យមានគ្រោះថ្នាក់ រថភ្លើងរអិលធ្លាក់ចេញផ្លូវដែក បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់បានស្លាប់​។

បើតាមអាជ្ញាធរតៃវ៉ាន់ គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅក្នុងរយៈពេលជាង ៧ទសវត្សរ៍មកនេះ បានកើតឡើងបន្ទាប់ពីរថភ្លើងល្បឿនលឿនមួយ ខ្សែបុកជាមួយឡានធុនធ្ងន់មួយគ្រឿង នៅកែ្បរការដ្ឋានសំណង់មួយ ដែលស្ថិតនៅជិតផ្លូវដែក ដែលជាហេតុធ្វើឱ្យរថភ្លើងនេះធ្លាក់ចេញពីផ្លូវដែក។​ ខណៈ​ដែល​គេសង្ស័យ​ថា​ អ្នកគ្រប់គ្រងការដ្ឋានសាងសង់នេះ​ បានបរាជ័យក្នុងការអនុវត្តបទដ្ឋានសុវត្ថិភាព។

ដោយឡែក​ ប្រធានរដ្ឋអាជ្ញានៃទីក្រុង ហ័រលៀន (Hualien) លោកស្រី យូ ស៊ូទ័ន (Yu Hsiu-duan) បានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោកស្រី កំពុងស្វែងរកដីកាចាប់ខ្លួនមួយ ហើយបច្ចុប្បន្នបញ្ហាទាំងឡាយកំពុងត្រូវបាន ដោះស្រាយតាមប្រព័ន្ធតុលាការ។

ចំណែក​អាជ្ញាធរតៃវ៉ាន់​ បានបញ្ជាក់ដែរថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរ ចេញពីទីក្រុងតៃប៉ិឆ្ពោះទៅកាន់ទីក្រុងតៃតាំង (Taitung) ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុងរូងក្រោមដីមួយកន្លែង ក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ ខណៈរថភ្លើងខាងលើនេះបានដឹកមនុស្សជិត ៥០០នាក់នៅពេលកើតហេតុ។

ជុំវិញករណីនេះដែរ​ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Hualien នៅថ្ងៃសៅរ៍នេះ ដើម្បីសួរសុខទុក្ខអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាលតៃវ៉ាន់​ ក៏បានបង្គាប់ឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល ដើម្បីកាន់ទុក្ខដល់អ្នកបាត់បង់ជីវិត សម្រាប់រយៈពេល ០៣ថ្ងៃផងដែរ។

ដោយឡែក​បេីតាមការ​បញ្ជាក់ពី​ខាង​សេវា​អគ្គិភ័យ​របស់​កោះ​មួយនេះ​ ក៏​បាន​អះអាងពី​ចំនួន​ស្លាប់រហូតមកទល់ពេលនេះ​ ​៥១​នាក់ រួមមាន​៖​ អ្នកបើក​រថភ្លើង​វ័យក្មេង​ដែល​ទើប​រៀបការ និង​អ្នក​បើក​ជំនួយ​របស់គាត់​។​ រីឯផ្នែក​គ្រោះមហន្តរាយ​វិញ​ បាន​និយាយថា​​ វា​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​នៅ​រយៈពេល​៧៣​ឆ្នាំ​មកនេះ​៕

ដោយ​៖ស​ តារា​


ចែករំលែក៖