ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ទៅតុលាការពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែមេសា ឆ្នាំ២០២១នេះកម្លាំងជំនាញព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ដែលជាជនជាតិឥណ្ឌូនេសុីទៅសាលាដំបូងខេត្តពីបទលួចម៉ូតូ។

គួរបញ្ចាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡាត់ ភី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-7527 នៅចំណុចម្ដុំបរិវេណកាស៊ីណូផ្កាយ៥រួចមក កម្លាំងជំនាញរបស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ HERY ANTO (ហៀរី អាន់តូ) ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី រស់នៅក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងម៉ូតូខាងលើនៅវេលាម៉ោង១៧និង០០នាទី នៅចំណុចស្ថានីយរថភ្លើង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។

ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីរូបគេបានជិះម៉ូតូឌុបធ្វើដំណើរពីកាស៊ីណូផារ៉ាមិក សំដៅទៅកាស៊ីណូហាយសូ១៨ជាន់ ពេលទៅដល់ពាក់កណ្ដាលផ្លូវចំណុចកាស៊ីណូផ្កាយ៥ រូបគេក៏ឈប់នៅទីនោះ ហើយដើរបានបន្តិចក៏ប្រទះឃើញម៉ូតូ១គ្រឿងដែលចតនៅមុខកាស៊ីណូដោយមានសោជាប់នៅនឹងម៉ូតូស្រាប់ ពេលនោះរូបខ្លួនឃើញមានឱកាសល្អក៏លួចយកម៉ូតូនោះតែម្ដង ហើយជិះចេញទៅមានបំណងយកទៅលក់យកប្រាក់។ ពេលជិះទៅដល់ចំណុចស្ថានីយរថភ្លើងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានតែម្ដង។
ក្រោយពីសារភាពរួចកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្តនីតិវីធីដើម្បីបញ្ជូនទៅតុលាការ។ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដែលជាជនរងគ្រោះវិញ៕

ដោយ៖ស សម


ចែករំលែក៖