សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី ៣ខែមេសា ដោយបានដកស្រង់សម្តីលោក Shu Hoon ទីប្រឹក្សាសន្តិសុខជាតិដែលបានឱ្យដឹង ក្រោយកិច្ចប្រជុំត្រីភាគីជាមួយសមភាគីអាមេរិក និងជប៉ុនថា ភាគីទាំងបី បានសម្រេចត្រូវតែស្វែងរកដំណោះស្រាយដោយសន្តិភាពជាមួយកូរ៉េខាងជើង។
ក្រៅពីនេះ មន្ត្រីទាំង៣រូប ក៏បានព្រមព្រៀងគ្នាថា ត្រូវតែខិតខំដើម្បីតភ្ជាប់កិច្ចពិភាក្សាជាថ្មីរវាងអាមេរិក និងកូរ៉េខាងជើងក្នុងពេលដ៏ឆាប់បំផុត ។ ជំនួបពិភាក្សាត្រីភាគីគឺជាជំនួបផ្ទាល់ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ៤ខែមេសា នៅមជ្ឈមណ្ឌលកងទ័ពជើងទឹក Annapolis ក្នុងរដ្ឋ Maryland ។ នេះជាជំនួបលើកដំបូង រវាងទីប្រឹក្សាសន្តិសុខជាតិខ្ពស់នៃប្រទេសទាំងបី ចាប់តាំងពីលោកបៃឌិនឡើងកាន់តំណែងប្រធានាធិបតីអាមរិកមក ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនេះដែរ ចិន និងកូរ៉េខាងត្បូងបានសន្យាថានឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចប្រជុំមួយរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេស ទាំង២នៅថ្ងៃសៅរ៍ទី៣ ខែមេសានេះ។
នៅក្រោយកិច្ចប្រជុំនៅឯទីក្រុងប៉េកាំង ដែលធ្វើឡើងនាឱកាសនៃការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ជុង អ៊ុយ យ៉ុង (Chung Eui-yong) មកកាន់ប្រទេសចិន ប្រមុខការទូតចិនលោក វ៉ាង យី បាននិយាយថាប្រទេសទាំង២បានឯកភាពលើការលើកកម្ពស់ការដោះស្រាយបញ្ហាតាមយន្ដការនយោបាយនៅលើតំបន់ឧបទ្វីបកូរ៉េ។
លោក Chung Eui-yong ថ្លែងនាឱកាសនោះក៏បានលើកឡើងដែរថា លោករំពឹងថាចិននឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពរវាងកូរ៉េខាងត្បូង និឹងកូរ៉េខាងជើង។ «កូរ៉េ និងចិន មានវត្ថុបំណងរួម នោះគឺសំដៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។ នេះជាការគូសបញ្ជាក់របស់លោកប្រមុខការទូតកូរ៉េខាងត្បូង។
តាមរយៈដំណើរទស្សនកិច្ចខាងលើ លោក ជុង អ៊ុយ យ៉ុង (Chung Eui-yong) បានក្លាយជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងដំបូងគេបំផុត ដែលបានបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ៕ដោយ៖ធីរីណា
រូបភាព៖ Yonhap