ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញឈ្មោះអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២នាក់ទៀត និងអំពាវនាវដល់អ្នកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣ខែមេសាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងអំពីករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀត ក្នុងនោះគឺបុរសជនជាតិខ្មែរឈ្មោះ សឿន យួន អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្តឈ្នួល រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងស្ត្រីជនជាតិខ្មែរម្នាក់ទៀតឈ្មោះ សាន សុឃា អាយុ ២៦ឆ្នាំ ស្នាក់នៅជាមួយម្តាយជាបុគ្គលិកនៅកាស៊ីណូបាវិត-ម៉ុកបាយ។
ចំពោះករណីបុរសជនជាតិខ្មែរឈ្មោះ សឿន យួន រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២១ កន្លងមក បុរសជនជាតិខ្មែរឈ្មោះ សឿន យួន ដែលជាអ្នកបើកបររថយន្តឈ្នួល HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-9108 នោះ បានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិខ្មែរឈ្មោះ អេង តុលា មានវិជ្ជមានជំងឺកូវីដ-១៩។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។
ចំពោះករណីស្ត្រីជនជាតិខ្មែរឈ្មោះ សាន សុឃា រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងដែរថា នៅអំឡុងខែមីនា ឆ្នាំ២០២១ កន្លងមក ស្ត្រីជនជាតិខ្មែររូបនេះបានស្នាក់នៅជាមួយម្តាយជាបុគ្គលិកនៅកាស៊ីណូបាវិត-ម៉ុកបាយ។ ដោយមានការសង្ស័យពាក់ព័ន្ធនឹងកន្លែងធ្វើការរបស់ម្តាយ និងសាមីខ្លួនមានរោគសញ្ញាចូលក្នុងនិយមន័យជំងឺកូវីដ-១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកស្ត្រីទាំងពីរនាក់ខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ លើស្រ្តីអាយុ២៦ឆ្នាំ ដែលត្រូវជាកូន។ មកដល់ពេលនេះ ក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដោយក្នុងនោះមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៥នាក់ត្រូវបានដាក់ធ្វើចត្តាឡីស័កនៅផ្ទះ និងរង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត។ ចំពោះបន្ទប់ពិគ្រោះ និងពិនិត្យព្យាបាលជំងឺទូទៅព្រះច័ន្ទ-ក្រុងបាវិត ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានផ្អាកជាបណ្តោះអាសន្ន និងយកធ្វើជាកន្លែងចត្តាឡីស័ក។
រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ខាងលើនេះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖