ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ក្នុងស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។

លោកស្វាយ សំអ៊ាង បានឲ្យដឹងថា ការចុះពិនិត្យនេះ គោលបំណង ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅតំបន់ព្រៃខៀវ ក្នុងភូមិសាស្រ្តស្រុកកោះញែក ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

លោកអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ជាពិសេស ត្រូវចំណាត់ការឲ្យបានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងមេខ្លោង ដែលរៀបចំឲ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។ ម្យ៉ាងទៀតលោក អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។
នាឱកាសនោះលោកអភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លា ដល់កម្លាំងប្រជាការពារចំនួន ៣៣នាក់ នៅចំណុចព្រៃខៀវ ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក៕

ដោយ៖ សូរិយា


ចែករំលែក៖