ខេត្តកំពង់ចាម ៖ ក្រុមការងារនៃអធិការរដ្ឋានស្រុកព្រៃឈរ ប្រកាសថា មិនមានច្បាប់អនុញ្ញាតបេីកល្បែងស៊ីសងគ្រប់ប្រភេទនោះទេ ប៉ុន្តែក្រុមការងារបានរកឃេីញនៅចំណុចហាងកាហ្វេ ទួលក្រសាំង ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជ្រៃវៀនស្រុកព្រៃឈរ លួចបេីកលេងល្បែងភ្នាល់ (ជល់មាន់) តាមប្រព័ន្ធអនឡាញ ដែលចំណាត់ការសមត្ថកិច្ចបានហៅម្ចាស់ហាងលក់កាហ្វេខាងលើ ធ្វើកិច្ចសន្យា អប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពទាំងនោះ ក្នុងករណី នៅតែបន្តបើកលេង និង ចាត់ការតាមនីតិវិធី ។
ក្រុមការងារតាមដានព័ត៌មានបណ្ដាញសង្គម នៃអធិការរដ្ឋាននគរបាលស្រុកព្រៃឈរអោយដឹងថា បន្ទាប់ពីបណ្ដាញសារព័ត៌មានគេហទំព័រ ហ្វេសប៊ុក អង្គរដេលីបានចុះផ្សព្វផ្សាយថា ក្នុងមូលដ្ឋាន
មានបេីកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅបន្តបើកលេងល្បែងយ៉ាងពេញបន្ទុកក្នុងពេលផ្ទុះជំងឺកូវីដ-១៩ ។
ប៉ុន្តែក្រុមការងារនៃអធិការរដ្ឋាន សូមធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធចំណងជើង និងខ្លឹមសារ ដែលបានចុះផ្សព្វផ្សាយ ដោយគេហទំព័រ ព័ត៌មាន តាម facebook page អង្គរដេលី ដែលធ្វើឲ្យប៉ះពាល់ដល់ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ក៏ដូចជាអាជ្ញាធរដែលមានសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកព្រៃឈរ ផងដែរ ។ ដោយនៅស្រុកព្រៃឈរ មិនមានការអនុញ្ញាតឲ្យលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឡើយ។
ទោះយ៉ាងណា ក្រុមការងារនៃអធិការរដ្ឋានអរគុណដល់បណ្ដាញគេហទំព័រព័ត៌មាន អង្គរដេលី angkor daily ដែលបានចូលរួមសហការផ្ដល់ព័ត៌មាននេះផងដែរ ។
ពាក់ព័ន្ធនឹងដំណឹងនេះ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានគោរពសំណើសុំគោលការណ៍ និង ការអនុញ្ញាត ពីថ្នាក់ដឹកនាំ ដើម្បីចុះពិនិត្យ អង្កេត និងស្រាវជ្រាវ ចំពោះករណី ដែលបានចុះស្រាយខាងលើនេះ ជាលទ្ធផល ពិនិត្យឃើញថា: នៅចំណុចហាងកាហ្វេ ទួលក្រសាំង ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជ្រៃវៀនស្រុកព្រៃឈរ មានការលបលួចលេងល្បែងភ្នាល់ (ជល់មាន់) តាមប្រព័ន្ធអនឡាញ ដោយគ្មានការអនុញ្ញាត។
ជាចំណាត់ការជំហ៊ានដំបូង លោកអធិការនគរបាលស្រុកព្រៃឈរ បានហៅម្ចាស់ហាងលក់កាហ្វេខាងលើ ធ្វើកិច្ចសន្យា អប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពទាំងនោះ ក្នុងករណី នៅតែបន្តបើកលេង និង ចាត់ការតាមនីតិវិធី ។
ដោយឡែក ចំពោះ បញ្ហាជំងឺកូវីដ-១៩ កងកម្លាំង នៃអធិការរដ្ឋាននគរបាលស្រុកព្រៃឈរ ដូចជា អាជ្ញាធរក្នុងស្រុកព្រៃឈរ បានខិតខំ បន្តចូលរួម ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូទាំងស្រុក អំពីវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ៣កុំ ៣ការពារ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ស្រុកព្រៃឈរ ក៏ដូចជាក្នុងសហគមន៍ទូទាំងប្រទេសផងដែរ ៕
ដោយ៖ វណ្ណៈ