ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣៥ នាក់ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមមាន ៖
១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣៥ នាក់
២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១២ នាក់
៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់
៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់ ។
ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល ៕
ដោយ៖ សុខ ខេមរា