ក្នុងពេលដែលកូវីដ-១៩កំពុងតែបំផ្លាញពិភពលោក បង្កក្តីបារម្ភយ៉ាងខ្លាំង ហើយពលរដ្ឋនៅជុំវិញពិភពលោកកំពុងរួមដៃគ្នាដើម្បីយកឈ្នះលើកូវីដ-១៩។ ប៉ុន្តែការបំពុលបរិយាកាសដែលសម្លាប់មនុស្សច្រើនជាង៣ដងនៃមេរោគកូវីដ-១៩ត្រូវបានមនុស្សជាតិមើលរំលងទៅវិញ។
ជាការណ៍ពិត វីរុសកូវីដ-១៩ ពិតជាបំផ្លាញសេដ្ឋកិច្ចនិងអាយុជីវិតមនុស្សជាច្រើន ក្នុងរយៈពេល១៥ខែ ដោយបានសម្លាប់មនុស្សជាង២,៨លាននាក់ ។ ប៉ុន្តែ ក្នុងរយៈពេលដូចគ្នានេះការបំពុលបរិយាកាស គឺបានសម្លាប់មនុស្សដល់ទៅជាង ៨,៧លាននាក់តែក្នុងរយៈពេល១២ខែប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា ចំនួនអ្នកស្លាប់ដោយការបំពុលអាកាសធាតុរាប់លាននាក់ ប៉ុន្តែត្រូវបានគេបោះបង់ចោលនៅពីក្រោយ ពិភពលោក មិនបានរួមគ្នាទប់ស្កាត់ឲ្យបានល្អដូចជាការទប់ស្កាត់កូវីដ-១៩នោះឡើយ។កូវីដ-១៩ គឺជាការគំរាមកំហែងមនុស្សឲ្យភ័យខ្លាច ភាពគ្រោះថ្នាក់របស់វា បានធ្វើឲ្យពិភពលោកព្យាយាមរកវិធីទប់ស្កាត់។
បម្រែបម្រួលអាកាសធាតុ គឺជាអរូបីក្នុងយុទ្ធសាស្ត្រនយោបាយរបស់ពិភពលោក ដោយសារតែវាបានកើតឡើងទ្រង់ទ្រាយធំទាំងពេលវេលា និងបរិយាកាស ដោយយើងមិនអាចមើលឃើញ កត់សម្គាល់ដឹងភ្លាមក្នុងរយៈពេលខ្លីនោះឡើយ។
តាមសារព័ត៌ CNBC បានផ្សាយថា ក្នុងពេលផ្ទុះកូវីដ-១៩ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានកត់សម្គាល់ឃើញថា កម្រិតធូលីម៉ត់ក្នុងបរិយាកាស PM2.5 បានថយចុះដល់ទៅ៦០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ទីក្រុងសេអ៊ូលថយចុះ៥៤% ។ នៅទីក្រុងវូហាន ប្រទេសចិនថយចុះ៤៤% …ផ្សែងអ័ព្ទដោយការបំពុលបរិយាកាសមិនមានទៀតឡើយ បរិយាកាសស្រឡះល្អជាងមុនឆ្ងាយក្នុងរយៈពេលខ្លី។
ការថយចុះ ជាតិពុលក្នុងបរិយាកាសគឺដោយសារតែប្រទេសនៅជុំវិញពិភពលោក បានសម្រេចបិទទ្វារប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ការធ្វើចរាចរណ៍នានានៅជុំវិញពិភពលោកត្រូវបានកាត់បន្ថយជាច្រើន ដែលជាហេតុជួយឲ្យបរិយាកាសល្អប្រសើរឡើងវិញ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើទោះបីកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ច និងអាយុជីវិតជាច្រើន ផ្ទុយទៅវិញក៏បានជួយដល់បរិយាកាសលើភពផែនដីឱ្យល្អប្រសើរឡើងពាក់កណ្តាលផងដែរ ។ ប្រសិនបើមិនមានកូវីដ-១៩ នឹងមិនអាចធ្វើឲ្យបរិយាកាសល្អប្រសើរក្នុងពេលឆាប់ៗបានឡើយ គឺត្រូវប្រើពេលរាប់សិបឆ្នាំ ចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ក៏មិនប្រាកដថា ល្អប្រសើរដូចពេលនេះដែរ ៕ដោយ៖ ធីរីណា
រូបភាព៖AP