ព័ត៌មានទាន់ហេតុការណ៍៖

ស្មៀនឃុំចង្ហាម្នាក់ផឹកស្រាស្រវឹងបង្កគ្រោះចរាចរណ៍ និងគំរាមសម្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្មៀនឃុំចង្ហាម្នាក់ចេញមកពីផឹកនៅផ្ទះមិត្តភក្តិមានអាការស្រវឹងស្រាជោកជាំបានបើករថយន្តទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ហើយគំរាមរកសម្លាប់ជនរងគ្រោះកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវលំមួយកន្លែងឋិតក្នុងភូមិតាផោគ ឃុំចង្ហា ស្រុកអូរជ្រៅ។

  ជនបង្កឈ្មោះ ប៊ួយ កែវ ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរជាស្មៀនឃុំចង្ហា ស្រុកអូរជ្រៅ។

ចំណែកជនរងគ្រោះឈ្មោះ ត្រាន សំណាង ភេទប្រុស អាយុជាង២០ឆ្នាំរស់នៅក្នុងភូមិប៉ោយវត្ត ឃុំចង្ហា។

 ក្នុងករណីនេះដែរលោកមេឃុំចង្ហាហឿន យ៉ុក បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០២១នេះថា មុនកើតហេតុស្មៀនឃុំខាងលើបានបើករថយន្តឡិចស៊ីសRX300ពណ៌កាំម៉ៃពាក់ស្លាកលេខបាត់ដំបង2B-3375ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាជាមួយជនរងគ្រោះ ដោយមានស្ថានភាពស្រវឹងព្រោះគេបានផឹកស្រាជាមួយបងប្អូនក្រោយពេលជួបជុំសែនព្រេនរួចនៅភូមិជ្រៃក៏ចេញដំណើរមកតាមផ្លូវលំ លុះមកដល់ចំណុចកើតហេតុបើករថយន្តគេចជង្ហុកក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះម៉ាកវ៉េវអាល់ហ្វាបង្កគ្រោះថ្នាក់តែម្ដង។

  ទាក់ទិននឹងស្មៀនឃុំខាងលើនេះដែរក្នុងបណ្ដាញសង្គមបានស៊ែរចែកតៗគ្នាដោយបានធ្វើការរិះគន់ចំពោះកាយវិការរបស់ស្មៀនឃុំដែលបញ្ចេញអត្តចរិតក្អេងក្អាងមិនទទួលកំហុសរបស់ខ្លួន បម្រុងវាយនិងគំរាមសម្លាប់ទៅលើបុរសចំណាស់ម្នាក់ដែលជាសាច់ញាតិជនរងគ្រោះបានចេញទៅសម្របសម្រួលដើម្បីបញ្ជៀសហិង្សា តែស្មៀនឃុំរូបនោះមិនមានសុជីវធម៌ជាអ្នកអនុវត្តច្បាប់ ហើយគេរង់ចាំមើលថាតើមន្ត្រីអនុវត្តច្បាប់ដូចលោកស្មៀនឃុំមានទោសដែរឬទេដែលមានចេតនាគំរាមសម្លាប់ក្នុងពេលដែលសាច់ញាតិជនរងគ្រោះទៅជួយសម្របសម្រួលនោះ ។

  លោក ប៊ួយ កែវ ស្មៀនឃុំអះអាងថាលោកមិនស្រវឹងនោះទេ តែបច្ចុប្បន្នលោកបាននៅជុំគ្នាសម្របសម្រួលជាមួយជនរងគ្រោះ៕

ដោយ៖ វណ្ណា


ចែករំលែក៖