ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធន៍ទាំងស្រុងចំពោះព័ត៌មានប្រឌិតអំពីមរណភាពរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, សូមមេត្តាកុំប្រឌិតព័ត៌មានក្លែងក្លាយអី !

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ថ្មីៗនេះ ពិនិត្យឃើញថា, នៅលើបណ្ដាញសង្គមមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះរូបភាពកែឆ្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា​  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។ ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ដែល​បច្ចុប្បន្ននេះ  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត​ ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស​ អាយុជីវិតរបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ​ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ​ និងធ្វេីឱយប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមទៀតផង​ ។ យេីងខ្ញុំសូមធ្វេីការថ្កោលទោសដាច់អហង្ការការចំពោះទង្វេីទុច្ចរិត​គ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មេីស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន​ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំយល់ច្រឡំ និងសូមអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខចំពោះការអនុវត្តគោលការណ៍ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ


ចែករំលែក៖