ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​សម្រេច​បិទ​ផ្សារ​អូរ​ឫស្សី រយៈពេល​១៤​ថ្ងៃ ឃើញ​ថាស្ថានភាព​នៅ​ជុំវិញ​ផ្សារ​មាន​សភាព​ស្ងាត់ជ្រងំ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ រក​ឃើញ​​អាជីវករ​ជា​ច្រើន​រូប រួម​ទាំង​សន្តិសុខ​នៅ​ផ្សារ​អូរ​ឫស្សី​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ កាលពីថ្ងៃទី៣​ ខែមេសា​។ ភ្លាមៗ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ផ្សារ​អូរ​ឫស្សី រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​គេសង្កេត​ឃើញ​ថា ស្ថានភាព​នៅ​ជុំវិញ​ផ្សារ​អូរ​ឫស្សី​មាន​សភាព​ស្ងាត់ជ្រងំ ។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១នេះ​ ដោយ​មានការណែនាំពីលោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ រដ្ឋបាល​ខណ្ឌ​៧​មក​រា ដឹកនាំ​ដោយ​លោក លឹ​ម សុភា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ដោយ​ចុះ​សហការ​ជាមួយ​​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​បាញ់​ទឹក​លាង​សម្អាត​បរិវេណ​ជុំវិញ​ផ្សារ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​តា​ម​តូប​លក់ដូរនី​មួយ​ៗ របស់​អាជីវករ​ក្នុង​ផ្សារ​អូ​រ​ឬ​ស្សី​ទាំងមូល ។

បេីតាមទិដ្ឋភាពជា់ស្ដែង​ ជាការ​កត់សម្គាល់​យេីងសង្កេតឃើញ​ថា ផ្លូវ​ធ្វើ​ដំណើរ​ទាំងឡាយ​ជុំវិញ​ផ្សារ​អូរ​ឬ​ស្សី ក៏​ត្រូវ​បាន​បិទ​ហាម​មិន​អនុញ្ញាតិ ឲ្យ​អ្នក​គ្មាន​ភារៈ​កិច្ច​ចេញ-ចូល​រហេតរហូត​ដែរ ចៀសវាង​ការ​ប៉ះពាល់​នូវ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ដែល​បាន​ចេញ​-​ចូល​ផ្សារ​អូរ​ឫស្សី ឬ​ក៏​បងប្អូន​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អាជីវករ និង​សន្តិសុខ​នៅ​ផ្សារ​អូរ​ឫស្សី​ដែល​មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង ​«​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​»នេះ​ សូម​អញ្ជើញ​រួសរាន់​ទៅ​ធ្វើតេស្ត ដើម្បី​យក​សំណាក់​រក​មើល​កូ​វី​ដ​១៩ ដែល​ស្ថិត​នៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។

ក្នុងករណីដែល បងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

តោះសូម​មក​មើល​ទិដ្ឋភាព​ជាក់ស្ដែង​ទាំងអស់​គ្នា​ពី​ស្ថានភាព​ជុំវិញ​ផ្សារ​អូរ​ឫស្សី​នៅព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១​ មានដូចខាងក្រោម ៖

ដោយ៖ស តារា


ចែករំលែក៖