ព័ត៌មានទាន់ហេតុការណ៍៖

ប្រយ័ត្នអោយបានខ្ពស់បំផុតចំពោះការអនុវត្តវិធានសុខាភិបាល ! ខណ:ឈានដល់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ ឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ បើតាមមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានប្រាប់បណ្តាញសារព័ត៌មាន  កាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ គឺមាន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធ្ធាំ បុណ្ណា បានរកឃើញវិជ្ជមានកូវីដ-១៩ សង្ស័យឆ្លងពីកូនប្រុសរបស់លោក។

សូមបញ្ជាក់ថា, កាលពីកន្លងទៅនេះ កូនប្រុសរបស់លោក ធ្ធាំ បុណ្ណា ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់មកលោក និងសមាជិកគ្រួសារ ក៏ត្រូវបានធ្វើចត្តាឡីស័កនៅផ្ទះ ហើយធ្វើតេស្តរកកូវីដ-១៩។ ក្រោយធ្វើតេស្តលើកទី២ លទ្ធផលបញ្ជាក់នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១បង្ហាញថា លោកមានវិជ្ជមានកូវីដ-១៩ផងដែរ។

មន្ត្រីសុខាភិបាលនិងអាជ្ញាធរ បានឲ្យដឹងថា, ក្រៅពីលោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏មានសាច់ញាតិរបស់គាត់មួយចំនួនទៀត ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២១៥៩នាក់, អ្នកជាសះស្បើយចំនួន ១៦៥៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០១២នាក់, អ្នកស្លាប់ចំនួន ១៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់។

សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ លោក ធ្ធាំ ប៊ុណ្ណា និងសាច់ញាតិរបស់លោកមួយចំនួន រស់នៅផ្ទះលេខ២៨ ផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានក្រុមគ្រូពេទ្យទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យ។

សូមបងប្អូនជនរួមជាតិ ! ទាំង២៥ រាជធានី-ខេត្ត មេត្តាយកចិត្តទុកដាក់ខ្ពស់ អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ covid-19 ដ៏កាចសាហាវមួយនេះ៕

ដោយ៖ សិលា


ចែករំលែក៖