ភ្នំពេញ ៖ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ពោលគិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានបងប្អូនអាជីវករ (១២នាក់) និងសន្តិសុខ (៤នាក់) សរុបចំនួន១៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។ លោក លឹម សុភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដនៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះអាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។
សូមជម្រាបថា, គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក។
ក្រោយមានករណីនេះភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រាបតាមរយៈបណ្តាញសារព័ត៌មាន គឺអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ-១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។
ក្រោយមានការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា មានអ្នប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ចំពោះអ្នកគេចវេសទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។
សូមបញ្ជាក់ផងដែរថា, រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសបិទផ្សារអូរឬស្សីចំនួន១៤ថ្ងៃ និងធានាចំពោះសុវត្ថិភាពទំនិញនៅតាមតូបនីមួយៗរបស់បងប្អូនអាជីវករ លើកលែងតែបន្លែ ត្រូវឱ្យម្ចាស់តូបសហការជាមួយអ្នកគ្រប់គ្រងផ្សារដើម្បីប្រមូលរក្សាទុកជៀសវាងការស្អុយរលួយ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖
*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។
រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។
បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ។
មួយរយៈនេះ ការឆ្លងជំងឺកូវីដ19 មានលក្ខណៈទ្រង់ទ្រាយធំ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួងសុខាភិបាល ពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់ ការរីករាលដាលនេះ ជាមួយនឹងការណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមវិធានសុខាភិបាល ដើម្បីឈានដល់បញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ឱ្យបានលឿនបំផុត៕
ដោយ ៖ សិលា