ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ សម្តេចតេជោហ៊ុនសែន មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។

ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការបង្ការនានា បាននិងកំពុងផ្តល់ការឧបត្ថម្ភដល់ដំណើរការធ្វើចត្តាឡីស័កនិងអ្នកទទួលផលប៉ះពាល់ បានទទួលនិងកំពុងបន្តស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបានកំពុងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្មីៗបន្ថែម។

ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង ទោះបីជា ការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតបំផុត ទាំងក្នុងតំបន់និងពិភពលោក។ សម្តេចតេជោ ក៏បាននិងកំពុងបន្តប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ក្នុងបំណង ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖