ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ខែមេសា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា , ក្នុងរយ:ពេលពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន ១៤០.៧៧៣នាក់ ហេីយ ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែល សរុបទាំងបីមុខវ៉ាក់សាំងនេះ គឺបានកេីនឡេីងដល់ ៤១៨.៥៦៩នាក់ នៅទូទាំងប្រទេស។
សម្រាប់ដំណើរការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ៕