ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយតាមប្តីថ្មី ទុកកូនស្រីអាយុ ៤ឆ្នាំផ្ញើឪពុកមើលថែ ដូចផ្ញើសាច់នឹងខ្លា តាចាប់ចៅរំលោភច្រើនដង

ចែករំលែក៖

ខេត្តសៀមរាប៖ ពិតជាធ្វើឲ្យសីលធម៌ក្នុងសង្គមកាន់តែធ្លាក់ចុះខ្លាំងណាស់ខណ:មនុស្សមួយចំនួនតូចបានប្រព្រឹត្តអំពើអនាចារលើកុមារដែលសង្គមស្អប់ខ្ពើម។ជាក់ស្តែងកុមារី កម្សត់ម្នាក់មានវ័យទើបតែ៤ឆ្នាំ នាង កំព្រាឪពុក ហើយម្តាយទៅតាមប្តីថ្មី ទុកនាងឲ្យនៅជាមួយជីតា ជួយមើលថែរក្សា តែត្រូវជីតាគំនិតតិរច្ឆានមិនព្រមទៅវត្តវ៉ាចាប់រំលោភសេពសន្ថវ:ជាច្រើនលើក។ តែមកដល់ពេលនេះទើបបែកធ្លាយដល់សមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់ កាលពីល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចរបស់លោកទទួលពាក្យបណ្តឹងពី ឈ្មោះធី ជា អាយុ៥០ឆ្នាំ ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះបានមកប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង៉ែ ថា ក្មេងរងគ្រោះឈ្មោះ ទ.អ អាយុ ៤ ឆ្នាំ ជាចៅ បានប្រាប់គាត់ថា តា ឈ្មោះ លាក់ លាង អាយុ ៥២ឆ្នាំនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប រំលោភសេពសន្ថវៈមកលើខ្លួនបាន ៣ដង ទើបលោកបានរាយការព៍ជូន ព្រះរាជអាជ្ញា សុំគោលការណ៍។

ភ្លាមនោះកម្លាំងរបស់លោក សហការជាមួយកម្លាំងប៉ុស្តិ៍ស្រង៉ែ បានកោះហៅជីតាកំហូចខាងលើមកធ្វើការសាកសួរ។
លោកប្រធានការិយាល័យបានបន្តថាតាមការសាកសួរ ជននេះបានសារភាពថា ខ្លួនគាត់ពិតជាបានរំលោភសេពសន្ថវៈមកលើឈ្មោះ ទ.អ ត្រូវជាចៅបង្កើតរបស់ខ្លួនប្រាកដមែន តែបានចំនួនតែ ២ ដងទេ កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២១ កន្លងទៅនេះ។
តាវ័យចំណាស់រូបនេះបានបញ្ជាក់ថា ចៅស្រីរូបនេះត្រូវកូនស្រីជាម្តាយបានយកមកផ្ញើនឹងគ្រួសារខ្លួន។
អ្នកភូមិបានលើកឡើងថា កុមារីដ៏សែនអភ័ព្វនេះ ក្រោយពេលឪពុករបស់គេស្លាប់ទៅ ម្តាយបានយកប្តីថ្មី ហើយទៅរកស៊ីតាមប្តី ដោយទុករូបគេឲ្យនៅជាមួយជីតា តាំងមានអាយុ៣ឆ្នាំមកម្ល៉េះ។ តែមិនដល់១ឆ្នាំផងមិននឹកថា ជីតាគំនិតអន់ជាងសត្វតិរច្ឆាន ងប់ងល់ដោយភ្លើងតណ្ហាចាប់នាងរំលោភរហូតដល់២-៣ ដងបែបនេះឡើយ។
លោកនាយការិយាល័យបានបញ្ជាក់ទៀតថា ក្រោយពេលសាកសួរនិងចាប់ខ្លួនជនខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ចំណែក កុមារីរងគ្រោះដែលជាក្មេងកំព្រាបានប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាបគ្រប់គ្រងថែរក្សា ៕

ដោយ÷ ប្រាថ្នា


ចែករំលែក៖