ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ហាត់ប្រាណបុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តបែកកញ្ចក់ខាងក្រោយខ្ទេចទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះកង់ហាត់ប្រាណក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តបែកកញ្ចក់ក្រោយខ្ទេចទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១
តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AI-7513បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនដើម្បីអែបទៅខាងចិញ្ចើមផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះកង់ហាត់ប្រាណមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យម្ចាស់កង់ផ្លោងទៅបុកនឹងកញ្ចក់រថយន្តបែកខ្ទេចអស់ ចំណែកឯម្ចាស់កង់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងកង់យល់ព្រមសងសំណង១២០ដុល្លារទៅភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ ៖និន សុភ័ស្ត


ចែករំលែក៖