ខេត្តសៀមរាប៖ បើយោងតាមប្រភពពី អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បាបអោយដឹងថា, សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីបាក់ច្រាំងអូរសង្កត់មនុស្សស្លាប់ម្នាក់នាក់ គឺជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
បើតាមប្រសាសន៏របស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺប្រហែលម៉ោង១និង៣០នាទីរសៀលគាត់បាននាំកូនទៅបង់សំណាញ់នៅស្ពានតូច ស្ថិតនៅភូមិរហាល ឃុំតាសៀម លុះដល់ម៉ោង៥និង៣០នាទីល្ងាច ស្រាប់តែកូនរបស់គាត់បានយកសំណាញ់ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន ខណ:ពេលនោះ គាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ច និង បានហៅអេស្កាវទ័រ មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក ។
សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងទៀតថា ក្រោយពីការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថា សពមានស្លាកស្នាមដាច់រលាត់នៅលើភ្នែក និងខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ ហើយជនរងគ្រោះពិតជាស្លាប់ដោយបាក់ច្រាំងអូរសង្កត់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ៕
ដោយ ៖ សិលា