ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនគូសង្សារទៅសាលាដំបូងខេត្តបន្ទាយមានជ័យពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គូសង្សារដែលធ្វើសកម្មភាពលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២១ ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ លៀម ចាន់នី ភេទ ស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  អ្នកទាំង២នាក់នេះជាគូសង្សារនិឹងគ្នា ហើយជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនទាំង២នាក់។  

លោកប៊ុន ធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ឈ្មោះសេង ឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំនេះ នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S-៣៦២៨ នៅចំណុចតូបកាត់សក់ខាងលិចរបងវត្តព្រះពន្លា ស្ថិតក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈពេលម្ចាស់ទុកម៉ូតូមុខតូបកាត់សក់រួចដើរចូលទៅកាត់សក់។ 

   ក្រោយពីម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមក លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានដាក់បទបញ្ជាដល់ការិយាល័យជំនាញនិងកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសិរីសោភ័ណនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ធ្វើការស្រាវជ្រាវនិងមើលតាមកាមេរ៉ាសុវត្ថិភាព ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ជា

មុខសញ្ញាប្រើប្រាស់គ្រឿងញៀនឈ្មោះ សេង ឌីណា និងសង្សាររបស់គេឈ្មោះលៀម ចាន់នី នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំខេត្តលេខ៦ ផ្ទះសំណាក់យីហោ ជាយក្រុង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ហើយនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងដកហូតបានម៉ូតូចំនួន២គ្រឿងជាម៉ូតូដែលគេលួចបាន ក្នុងនោះ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S-៣៦២៨ ម្ចាស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុសអាយុ៧៨ឆ្នាំ នៅភូមិព្រៃប្ញស្សី ​សង្កាត់ព្រះពន្លា និង១គ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E-៤៦៩៨ មានម្ចាស់ឈ្មោះសារឿង សុធី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។

   លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនៅមុខតូបកាត់សក់ខាងលិចវត្តព្រះពន្លានោះមែន និងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E.៤៦៩៨ លួចនៅចំណុចផ្លូវលេខ១កន្លះ ខាងក្រោយហាងស៊ុបកូរ៉េ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣៥នាទីថ្ងៃ។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

ដោយ៖វណ្ណា


ចែករំលែក៖