ភ្នំពេញ៖ ម្ចាស់បទ “ស្រលាញ់អូនដល់កាន់ឈើច្រត់” លោក ជ័យ សុវ៉ាត បានធ្វើឲ្យគេកោតសរសើរពីទឹកចិត្តរបស់លោកគ្រប់ៗគ្នា ក្រោយពីគេឃើញវត្តមានតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះក្នុងឈុតសម្លៀកបំពាក់គ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋនៅរាជធានីភ្នំពេញ។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា ដើមឡើយលោកបានចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ ប៉ុន្តែដោយសារបច្ចុប្បន្នដោយសារក្រសួងសុខាភិបាលត្រូវការកម្លាំងចុះជួយចាក់វ៉ាក់សាំងទើបលោកត្រូវមកបំពេញការងារទាំងនេះដែលលោកថាការងារនេះលោកអាចនឹងចំណាយពេលប្រមាណជា៣ខែឯណោះ។ លោកបញ្ជាក់ថា លោកគឺជានិស្សិតពេទ្យឆ្នាំទី៨នៃសាលាឯកជនមួយលើឯកទេសវេជ្ជបណ្ឌិតទូទៅ ប៉ុន្តែការស្ម័គ្រចិត្តចូលរួមការងារនេះគឺដើម្បីជាការចូលរួមចំណែកជួយដល់សង្គមដែលកំពុងមានបញ្ហាប្រឈម។ លោកថា ទោះបីហត់នឿយ មិនសប្បាយដូចច្រៀងមែន ប៉ុន្តែលោកពិតជាសប្បាយចិត្តដែលបានចូលរួមចំណែកក្នុងការជួយដល់កិច្ចការសង្គម ជួយដល់ប្រជាពលរដ្ឋយើង ហើយការក្លាយខ្លួនជាវេជ្ជបណ្ឌិតនេះគឺជាក្តីស្រមៃរបស់លោកចាប់តាំងពីកុមារមក បើទោះបីជាលោកមានទេពកោសល្យជាអ្នកចម្រៀងក៏ដោយ។ លោកបញ្ជាក់ថាក្នុងមួយថ្ងៃនាកន្លែងចាក់នីមួយៗអាចទទួលអ្នកចាក់វ៉ាក់សាំងបានរហូតដល់១ពាន់នាក់ក៏មាន។ លោកថាការងារនេះប្រឈមខ្លះដែរ ប៉ុន្តែមិនប្រឈមខ្លាំងនោះទេ ហើយទាមទារការការពារដូចគ្នាដើម្បីបញ្ចៀសពីការឆ្លង។ លោកទើបនឹងចាប់ផ្តើមការងារនេះពីថ្ងៃទី០១ ខែមេសានេះដោយលោកថាក្នុងនាមជាគ្រូពេទ្យក្នុងគ្រាដែលប្រទេសជាតិកំពុងត្រូវការកម្លាំងគឺប្រាកដណាស់ត្រូវតែមានការចូលរួម ដែលលោករំពឹងថាការចូលរួមទាំងអស់គ្នានឹងធ្វើឲ្យជំងឺនេះថមថយបានឆាប់រហ័ស។ ម្ចាស់បទ”ស្រលាញ់អូនដល់កាន់ឈើច្រត់”រូបនេះក៏ផ្ញើសារទៅកាន់អ្នកគាំទ្រ និងឲ្យប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងបង្ការ ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ហើយលោកក៏សូមជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់មានសុខភាពល្អ ចៀសផុតពីជំងឺមួយនេះគ្រប់ៗគ្នា៕
ដោយ៖ វឌ្ឍនា