ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ចុះពិនិត្យ មើលបងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ​ មកទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃចន្ទ​ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ មើលបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលប្រព្រឹតទៅនៅសាលាបឋមសិក្សាសន្សំកុសល ដេីម្បីមកទទួលសេវាចាក់វ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវីដ-១៩។

នាឱកាសនោះដែរ លោក នួន ផារ័ត្ន បានលើកឡើងថា បងប្អូនមកទទួលសេវាចាក់វ៉ាក់សាំងនេះ សូមអង្គុយរងចាំដោយរក្សាគម្លាត និង ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដែលកំពង់ប្រចាំការបំរើសេវាបងប្អូននៅទីនេះ ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលរងរូបនេះ បានបន្តទៀតថា ជាការគិតគូរប្រមុខថ្នាក់ដឹកនាំដែលមាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំង ចាក់ជូនបងប្អូនដើម្បីបង្ការការឆ្លងមេរោគ កូវីដ-១៩ ។

សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង ១១​ និង៣០ នាទីព្រឹកថ្ងៃដដែលនេះ បងប្អូនរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ​ មកទទួលសេវាចាក់វ៉ាក់សាំងសរុប ១៣០នាក់ លើផែនការ ១៥០នាក់៕

ដោយ​៖ស​ តារា​

 


ចែករំលែក៖