ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំកងកម្លាំងអន្តរាគមន៍ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ បានកើតឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៩ខ្នង និងបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសស្រាលចំនួន៥នាក់។
ក្រោយទទួលបានព័ត៌មាន លោកមេបញ្ជាការ កងពល បានចាត់តាំងកម្លាំងចុះអន្តរាគមន៍ជួយភ្លាមៗ សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល និងអាជ្ញាធរមូលដ្ឋាន ដោយជួយរុះរើបំណែកផ្ទះប្រជាពលរដ្ឋខូចខាត និងជួយធ្វើរោងស្នាក់នៅបណ្តោះអាសន្ន ចំនួន ១គ្រួសារ ព្រមទាំងបានបញ្ជូនរថយន្តសង្រ្គោះក្រុមគ្រូពេទ្យព្យាបាល ជូនប្រជាពលរដ្ឋដែលរងរបួសផងដែរ។
សូមបញ្ជាក់ថាៈ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំយោធភូមិភាគទី៥ ចំពោះប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ក្នុងនោះដែរដោយខេត្តបន្ទាយមានជ័យ តែងតែជួបប្រទះខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំលោក មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ស័ង្កសី ចំនួន៥០០០សន្លឹកសម្រាប់ឆ្នាំ២០២១ ត្រៀមទុកសម្រាប់អង្គភាពចេញបេសកកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
កត់សម្គាល់ថាៈ នៅដើមឆ្នាំ២០២១នេះគិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អង្គភាពបានចេញប្រតិបត្តិការជួយសង្រ្គោះដោយខ្យល់កន្រ្តាក់សរុបចំនួន៨លើក ប្រើប្រាស់កម្លាំងសរុបចំនួន២៩៥នាក់ ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន៤៧ខ្នង ក្នុងនោះខូចធ្ងន់ចំនួន១៥ខ្នង ប្រើប្រាស់ស័ង្កសីអំណោយលោកមេបញ្ជាការកងទ័ពជើងគោក ហ៊ុន ម៉ាណែត និងលោកស្រីសរុបចំនួន ៩៧៥សន្លឹក៕
ដោយ៖ សូរិយា