ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ចេញនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីណែនាំ ស្តីពី ការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

យោង :- អនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។
– សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។
– សារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។
– សេចក្តីណែនាំចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងវីរុស កូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និង ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភះ នៅមិនទាន់ មានភាពធូរស្រាលនៅឡើយ ។ ក្នុងកាលៈទេសៈនេះ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខ មាលភាព និងសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះជីវភាពរស់ , នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដូចខាងក្រោម ៖

១- រដ្ឋបាលក្រុង -ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ណែនាំ និងត្រួតពិនិត្យតាមដាន ឱ្យបានជាប់ប្រចាំនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន។

២- គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក និង ឃុំ-សង្កាត់ ត្រូវក្ដាប់មុខសញ្ញា និងអនុវត្តរបបរាយការណ៍ ប្រចាំថ្ងៃអំពីចរន្តចំណូលស្រុក តម្រូវឱ្យអនុវត្តវិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាកំហិត។

៣- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងឃុំ-សង្កាត់ ត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់នូវ វិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្តដាក់ចេញដូចខាងក្រោម៖

ក.ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវ ៖
– ទីតាំងរមណ៏យដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត។ សកម្មភាពទទួលភ្ញៀវសម្រាប់អាជីវកម្មរួមមាន ៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទដែលនាំឱ្យមានមនុស្សជួបជុំក្នុងចំនួនច្រើន ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។
– រាល់សកម្មភាពកីឡា និងការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់ច្រៀងកម្សាន្ត សប្បាយនានានៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន។
ការរៀបចំលេងល្បែងប្រជាប្រិយ រាំកម្សាន្ត ការជួបជុំពិសារគ្រឿងស្រវឹង ការលេងជទឹក បាញ់ទឹក ប៉ាតម្សៅ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ជាយថាហេតុ និងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
– ផ្អាកការជួបជុំតាមសួន និងទីសាធារណៈក្នុងខេត្តចាប់ពីម៉ោង ២០និង០០នាទី យប់ ដល់វេលាម៉ោង ៤ និង០០នាទីព្រឹក ។
ខ.ត្រូវបានលើកលែងនូវ៖

ការជួបជុំលក្ខណៈសមាជិកគ្រួសារ ដែលរស់នៅក្នុងគេហដ្ឋានជាមួយគ្នា និងការរៀបចំពិធីបុណ្យសព ដោយត្រូវកម្រិតមិនឱ្យមានការជួបជុំមនុស្ស ក្នុងទ្រង់ទ្រាយធំ និងអនុវត្តគោរពយ៉ាងម៉ឺងម៉ាត់នូវវិធាន ។ ការអនាម័យ របស់ក្រសួងសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។
៤- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការណែ នាំដល់ព្រះគ្រូចៅអធិការ គណៈកម្មការវត្ត ត្រូវចាត់ចែងអនុវត្តតាមសេចក្តីណែនាំ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូល ឆ្នាំខ្មែរប្រពៃណីជាតិ។

៥ – គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក និង ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សា ធារណៈ នៅក្នុងមូលដ្ឋាន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រូវដឹកនាំអនុវត្តឱ្យបានជាប់ ជាប្រចាំ នូវវិធានការរដ្ឋបាល់ របស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញនៅពេលនេះ។
ទទួលបានការណែនាំខាងលើ សូមលោកអភិបាល នៃគណៈអភិបាល ក្រុង-ស្រុក លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយអនុ វត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវប្រកាន់ខ្ជាប់នូវ វិធានការ « ៣កុំ និង៣ការពារ – ដើម្បីក្រុមគ្រួសារ និងការពារសហគមន៍ឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ និងសូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ” សូមកាត់បន្ថយឱ្យបានជាអតិបរមានូវការជួបជុំនានាដែលមានការប្រមូលផ្ដុំ មនុស្សច្រើន ម៉ុនត្រូវចេញទៅក្រៅផ្ទះប្រសិនបើមិនមានករណីចាំបាច់ និងសូមផ្អាកនូវរាល់ការធ្វើដំណើរកំសាន្តនានា ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសទៅតំបន់ដែលមានហានិភ័យខ្ពស់ ដែលកំណត់ដោយ ក្រសួងសុខាភិបាល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖