ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣ នាក់ នៅយប់ថ្ងៃទី ៦ខែមេសា

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣ នាក់ មានដូចខាងក្រោម ៖

១/ ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨ ច្រកទី១ ជាន់ឡៅតឿ នៃផ្សារអូរប្ញស្សី មានទីលំនៅ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២/ បុរស អាយុ ៣៨ ឆ្នាំ ជាជាងជួសជុលម៉ាស៉ីនត្រជាក់ នៅខណ្ឌទួលគោក និងបានធ្វើការនៅការាសឡាន នៅជិតផ្សារសាំហាន់ មានទីលំនៅ ផ្ទះលេខ ៣៣១ ផ្លូវលេខ៥ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣/បុរស អាយុ ៥៨ ឆ្នាំ មានទីលំនៅផ្ទះលេខD27 ផ្លូវបេតុង ភូមិខ១ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមអំពាវនាវដល់ បងប្អូនជាអាជីវករ លក់ដូរ នៅផ្សារអូរប្ញស្សី ឬអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ សូមរួសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ ហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សូមជម្រាបជូនថា, ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន​ ៩១​ នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី៦ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ៩១​ នាក់​ (សហគមន៍ទាំង ៩០នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៣០នាក់​ក្នុង​នោះ​រួម​មាន​៖
– ករណីឆ្លងសហគមន៍ ៩០នាក់
– អ្នកដំណើរពីបរទេស ០១នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ២៩១៥ នាក់
– អ្នកជាសះស្បើយ= ១៨២៤ នាក់
– អ្នកកំពុងព្យាបាល= ១០៦៤ នាក់
– អ្នកស្លាប់= ២២ នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖