ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ថៃ​ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន ៣៣៤នាក់ភាគច្រើនឆ្លងខ្លាំងនៅទីក្រុងបាងកក

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានចុះផ្សាយថា​ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ នៅថ្ងៃពុធទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ៣៣៤នាក់បន្ថែមទៀតក្នុងនោះ៖​ អ្នកជំងឺ ៣២៧នាក់ជាករណីឆ្លងក្នុងស្រុក និង ០៧នាក់ទៀតជាករណីនាំចូល។

ជាក់ស្ដែង​នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ​របស់​អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ៣២៧ករណីនោះ គឺ ២១៦នាក់​ ត្រូវ​បានរកឃើញ នៅទីក្រុងបាងកក, ២០នាក់នៅខេត្តសាកែវ, ១៥នាក់នៅខេត្តសាមុតប្រាកាន, ១២នាក់នៅខេត្តសាមុតសាខន, ០៨នាក់នៅខេត្តនុនថាបុរី, ០៦នាក់នៅខេត្តឈុនបុរី, ០២នាក់នៅខេត្តឈៀងម៉ៃ និងខេត្តមួយចំនួនទៀតមានអ្នកឆ្លងតិចតួច។

បច្ចុប្បន្ន​គិតត្រឹមថ្ងៃពុធទី៧​ ខែមេសា​នេះ​ ប្រទេស​ថៃ​ មានករណីឆ្លង COVID-19 សរុប ២៩,៩០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៨,០៦៩នាក់ (ស្មើនឹង ៩៣%)។

គួរបញ្ជាក់ថា​ ករណីឆ្លងថ្មីៗដែលត្រូវបានប្រកាសនៅថ្ងៃនេះ គឺជាការកើនឡើងកម្រិតខ្ពស់ថ្មីមួយទៀត លើសកាលពីថ្ងៃទី៦​ខែមេសា​ម្សិលមិញនេះ ដែលមានឆ្លង COVID-19 ចំនួន ២៥០ករណី ក្រោយការផ្ទុះករណីឆ្លងយ៉ាងច្រើន នៅទីកន្លែងកម្សាន្តមួយចំនួន នៅក្នុងទីក្រុងបាងកក៕ដោយ​៖ស​ តារា​

 

ប្រជាជន​ថៃ​ នាំគ្នា​ចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​-១៩


ចែករំលែក៖