ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទស្ពានច្បារអំពៅចាស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃស្អែកនេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ តាមលិខិតរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពី ការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។

ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើម ដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទ ចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តដោយត្រូវពង្វាងចរាចរមកស្ថាន ព្រះមុនីវង្សថ្មីដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរជាបណ្តោះអាសន្ន ។

ទន្ទឹមនឹងនេះរដ្ឋបាល រាជធានីភ្នំពេញក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរលើផ្លូវជាតិលេខ១ អាចពង្វាងចរាចរទៅផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅទីតាំងការដ្ឋានខាងលើផងដែរ ៕


ចែករំលែក៖