ខេត្តពោធិ៍សាត់ ៖ មន្រ្តីរដ្ឋបាលនៃខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងនាព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះថា តៃកុងកាណូត១នាក់ដែលបានជួបគ្រោះថ្នាក់ ដោយសារក្រុមជនប្រព្រឹត្តបទល្មើសនេសាទ បើកកាណូតបំបុកបណ្ដាលឲ្យរងរបួសធ្ងន់នោះ បានទទួលមរណភាពនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះហើយ នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ។
គួររំលឹកថា ហេតុការណ៍អ្នកបើកបរកាណូតរបស់កម្លាំងចំរុះ ការពារកន្លែងអភិរក្សជលផលអតីត(ឡូត៍នេសាទលេខ៦)ជួបគ្រោះថ្នាក់ នៅគ្រាកំពុងចុះល្បាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផលអតីត(ឡូត៍នេសាទលេខ៦)ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ជនរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាអ្នកបើកបរកាណូតកម្លាំងចំរុះ(សង្កាត់រដ្ឋបាលជលផលកណ្ដៀង)។ ជនរងគ្រោះ និងសមត្ថកិច្ចបានល្បាតការពារកន្លែងអភិរក្សជលផល ក៏ប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើប្រាស់នូវឧបករណ៍អួនកែច្នៃអូសទាញដោយកាណូតកំលាំងម៉ាសុីនធំៗជាច្រើនគ្រឿង ខណៈនោះមានការដេញបង្រ្កាបយ៉ាងប្រភាបប្រភីង ប៉ុន្តែចាប់ក្រុមជនប្រព្រឹត្តបទល្មើសលួចធ្វើនេសាទទាំងនោះពុំបានទេ ព្រោះកាណូតពួកនោះមានល្បឿនលឿនគេចបាត់អស់ បន្សល់នូវវត្ថុតាង(អួនកែច្នៃ)ចំនួន៣វង់ ក្រុមសមត្ថកិច្ចបំរុងនាំគ្នាប្រមូលវត្ថុតាង(អួនកែច្នៃ)ស្រាប់តែក្រុមជនល្មើសបើកកាណូតបំបុកទាំងកម្រោល បណ្ដាលឲ្យចំជនរងគ្រោះធ្លាក់ទឹកថែមទាំងចំស្លាបចាក់កាណូតរយះដាច់បាក់ឆ្អឹងត្រគៀកធ្ងន់ធ្ងរ ភ្លាមនោះកម្លាំងច្រើនស្ថាប័នចេញជួយអន្តរាគមន៍រហូតមានផ្ទុះអាវុធផងដែរ បច្ចុប្បន្ន ក្រុមជនប្រព្រឹត្តបទល្មើសត្រូវបានកំណត់មុខសញ្ញាមានគ្នា៣នាក់ ជាជនជាតិវៀតណាម ស្នាក់នៅភូមិទី៧ ឃុំចុងឃ្នាស ស្រុក.ខេត្តសៀមរាប ៕
ដោយ៖ បុឹម ពិន