ខេត្តមណ្ឌលគិរី ៖ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លីនាពេលខាងមុខនេះ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងថវិកា របស់រដ្ឋបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ដើម្បីការពារបូរណភាពទឹកដី និងពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់កងកម្លាំងនគរបាល ជាពិសេស កងកម្លាំងដែលនៅឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារបូរណភាពទឹកដី ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ រវាងប្រទេសជិតខាង ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានបញ្ជាក់ថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ក៏ដោយ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានអនុវត្តវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ និងគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។
លោក អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់កងកម្លាំងនគរបាល ក្នុងនោះរួមមាន៖ រដ្ឋបាលខេត្ត បានឧបត្ថម្ភ ត្រីខ ៣កេសធំ មី ៣កេសធំ ទឹកសុទ្ធ ៣០កេស និងថវិកា ៤លានរៀល រីឯអំណោយរបស់អគ្គស្នងការនគរបាលជាតិ រួមមាន៖ អង្ករ ៩០០គីឡូក្រាម ទឹកសុទ្ធ មី ទឹកស៊ីអុីវ ២កេស ទឹកក្រូច ២៥កេស ទឹកត្រី ២កេស អាល់កុល ៣០លីត្រ និងថវិកាចំនួន ៤លាន ៥០ម៉ឺនរៀល ផ្តល់ជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦២១ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩ ផងដែរ៕
ដោយ៖ សូរិយា