ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តនៅជាប់ជាមួយប្រជាពលរដ្ឋ ដោយមិនបង្អាក់បង្អន់អ្វីឡើយ។ លោកបន្តថា, ការខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាចរិតលក្ខណៈធម្មជាតិរបស់សម្តេចតេជោ ដែលការលះបង់ដ៏ធំធេងទាំងក្នុងគ្រាកន្លងមក រហូតមកដល់បច្ចុប្បន្នគឺបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនដែលទៅណាចោលប្រជាជនកម្ពុជាឡើយ។
ជាក់ស្តែង វិធានការណ៍នានាដែលបានដាក់ចេញជាបន្តបន្ទាប់ ប្រកបដោយការគិតគូរពិចារណា ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ បានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។ ទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការណ៍ទាំងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ការអង្វរករបស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ពិតណាស់គឺដើម្បីការពារអាយុជីវិតផ្ទាល់របស់បងប្អូន។ ប្រសិនបើគ្មានការចាំបាច់ និងហានិភ័យខ្ពស់បំផុត លោកក៏មិនចង់ចាត់វិធានការណ៍តឹងរឹងណាមួយដែរ។
លោកលើកឡើងថា, ការចូលរួម និងរំលែកក្តីកង្វល់របស់ថ្នាក់ដឹកនាំគឺជាករណីយកិច្ចរបស់យើងជាប្រជាពលរដ្ឋម្នាក់ៗ។ ដូច្នេះ សូមបងប្អូនអនុវត្តវិធានការណ៍ទាំងឡាយឱ្យបានមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕
ដោយ៖ សុខ ខេមរា