ភ្នំពេញ៖ សម្តេចតេជោថ្លែងហួសចិត្ត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ចំពោះអ្នកដែលរឹបអូសយកអចលនទ្រព្យក្នុងដំណាក់រីករាលដាលនៃមេរោគកូវីដ-១៩ ដោយសម្តេចតេជោបានថ្លែងថា «នៅកន្លែងខ្លះឮថា បើមិនអនុវត្តនូវការសន្យានៃការបង់ប្រាក់ បែរជាប្រាក់ដែលបានបង់ទាំងប៉ុន្មានចាត់ទុកជាអសារបង់ ហើយផ្ទះនោះត្រូវបានគេការរឹបអូស ការធ្វើដូចនេះចេះធ្វើទៅរួច គឺហាក់ដូចជាគ្មានការយោគយល់អធ្យាស្រ័យចំពោះសភាពការណ៍អ្វីទាំងអស់ ផ្ទុយទៅវិញយើងគួរជួយគ្នាក្នុងពេលនេះដែលជាការសម្រួលមួយសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
សម្តេចតេជោ បានស្នើសុំធនាគារលើកលែងការផាកពិន័យចោលដល់កូនបំណុលក្នុងកាលៈទេសៈ នៃរយៈពេលកូវីដ-១៩។
រាជរដ្ឋាភិបាលអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័ត ក្រុមហ៊ុនអគ្គិសនី និងទឹកឯកជនដោះស្រាយការផ្គត់ផ្គង់របស់រដ្ឋចំពោះអ្នកដែលមានសមាជិកក្រុមគ្រួសារស្លាប់ មានកូវីដ-១៩និងអ្នកជាប់ធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាលោកស្រី ឱ វណ្ណឌីន យកចិត្តទុកដាក់លើការផ្តល់វ៉ាក់សាំងសម្រាប់ជនពិការ បុព្វជិតសាសនា និងប្រជាការពារ។
សម្តេចតេជោ បានបញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំកន្លែងធ្វើសវនាការកាត់ទោសអ្នកធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ និងបានបញ្ជាឱ្យរដ្ឋមន្ត្រីប្រៃសណីយ៍រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩រួច៕
ដោយ ៖ សិលា