ព័ត៌មានទាន់ហេតុការណ៍៖

លិខិតជូនពរលោក ឃួង ស្រេង សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លិខិតជូនពររដ្ឋបាលរាជធានីភ្នំពេញសូមគោរពជូនសម្តេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !
នាឱកាសដ៏មង្គលភិរម្យប្រពៃថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាម ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្វសាធុការពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាការពិតណាស់ ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការប្រកបដោយប្រសិទ្ធភាព និង បានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ ជាលទ្ធផល ប្រទេសកម្ពុជា គឺជាប្រទេស ដំបូងគេលើពិភពលោកដែលទទួលបានជំនួយវ៉ាក់សាំងស៊ីណូហ្គាម ពីប្រទេសចិន និងជាប្រទេសទី១ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងកូវិសែល (អាស្ត្រាហ្សែនីកា) ពីអង្គការសុខភាពពិភពលោក តាមរយៈមជ្ឈមណ្ឌល កូរ៉ាក់ ហើយកំពុងទទួលបានជាច្រើនម៉ឺនដូសបន្ថែមទៀត ដែលវ៉ាក់សាំងទាំងនេះ ត្រូវបានផ្តល់ជូនបណ្តាអង្គភាពជួរមុខ ប្រជាជនអាទិភាព និងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយ ធំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម “មណ្ឌាទេវី” សូមជួយ ទាំងឡាយ ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា។
សូមគោរពជូនពរ ពីខ្ញុំបាទ ឃួង ស្រេង តាងនាម ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖