ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចមូលដ្ឋាននៃឃុំស្រឡប់ ស្រុកត្បូងឃ្មុំបានចុះស្រង់យក សពនារីម្នាក់អណ្តែតទឹកនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដេីម្បីរក្សាទុករង់ចាំប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា សពរងគ្រោះឈ្មោះ ឈាង ជីណេ ភេទស្រី អាយុ១៦ឆ្នាំជាតិខ្មែរ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានបាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១០ និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហេីយបានបន្សល់ទុកតែស្បែកជេីងមួយគូអណ្តែតទឹក និងម៉ូតូមួយគ្រឿង ដែលគេសង្ស័យថាធ្វេីអត្តឃាតដោយលោតទឹក ។
ផ្អែកតាមការពិនិត្យពីកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានអោយដឹងថា នៅពេលចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវ ឃេីញមានបន្សល់ទុកម៉ូតូ ០១គ្រឿងម៉ាកYamaha sirius ពណ៌ក្រហម និងស្បែកជើងស៊ក០១គូ អណ្តែតទឹក។ លុះដល់វេលាម៉ោង០៨៖៥៥នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ទើបរកឃើញសពជនរងគ្រោះអណ្តែតទឹកនៅកន្លែងកើតហេតុខាងលើ។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រោយពីបានធ្វើការពិនិត្យលើសពជនរងគ្រោះ សពពុំមានស្លាកស្នាមឬបាក់ឆ្អឹងអ្វីឡើយ សន្និដ្ឋានថា សពស្លាប់ព្រោះអត្តឃាតលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន រួចសពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណៈ