ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអុីនធើណេត បង្កប់ល្បែងស៉ីសង ដែលលួចបើកមិនគោរពតាមសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ បន្តចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជា ឲ្យលោក ម៉ុក ច័ន្ទករុណ អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះអនុវត្តវិធានការរដ្ឋបាល ឃាត់ខ្លួនមនុស្សចំនួន១៦នាក់ និងធ្វើកំណត់ហេតុបិទទីតាំងជាបណ្តោះអាសន្ន ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងអំឡុងពេលអនុវត្តវិធានការបណ្ដោះអាសន្នដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩។

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុក ច័ន្ទករុណ អភិបាលរងខណ្ឌដូនពេញ ចុះបង្ក្រាប ទីតាំងអុីនធើណេត មួយកន្លែងនៅចំណុចក្បែរផ្សារសូរិយា ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅវេលាម៉ោង០៨យប់ ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

លោក អភិបាលរងខណ្ឌបានលើកឡើងថា បន្ទាប់ពីទទួលបទបញ្ជាពីលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ លោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះបង្ក្រាបជាក់ស្ដែងនៅទីតាំងinternet ដែលមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលនិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឡើយ ដោយបានបើកទទួលភ្ញៀវញៀនល្បែងស៉ីសង ប្រមូលផ្ដុំគ្នា។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងគណៈបញ្ជាការ បានឃាត់ខ្លួនមនុស្សនៅក្នុងទីតាំងinternet ចំនួន១៦នាក់ និងដកហូតកុំព្យូទ័រ សម្ភារៈផ្សេងៗទៀតមួយចំនួន យកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

បច្ចុប្បន្ន មនុស្សប្រុសស្រីទាំង១៦នាក់ រួមទាំងវត្ថុតាង នាំយកទៅរក្សាទុក និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា

 


ចែករំលែក៖