ខេត្តបន្ទាយមានជ័យ ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រួមដំណើរដោយ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១,ឧត្ដមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១,លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរេជេីងលេខ៥១ ,លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព នៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។
ក្រុមគ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។
មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ក៏បន្តលើកឡើងថា ក្រុមគ្រួសារកងទ័ព ប្រមាណជា១៣៨៤ នាក់ របស់ទីបញ្ជាការ ទិសទី១ នៅថ្ងៃនេះគឺបានទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងលើកលើកទី២ និងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ លោកមេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់បន្តថា ការទទួលបានវ៉ាក់សាំងរបស់គ្រួសារកងទ័ពនៅពេលនេះគឺជាការឆ្លើយតបយ៉ាងទាន់សភាពការណ៍ខណៈដែលកម្ពុជាយើងកំពុង មានបញ្ហាឆ្លងចូលក្នុងសហគមន៍ ២០ កុម្ភៈ ដែលទាមទារឱ្យកងទ័ព និងគ្រួសារកងទ័ព ត្រូវទទួលបានវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ-១៩ ដែលកំពុងនៅបង្កជាបញ្ហាធ្ងន់ធ្ងរទាំងនៅកម្ពុជា ក៏ដូចជានៅលើសកលោកផងដែរ៕
ដោយ ៖ សិលា