ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌, មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការ ប្រើប្រាស់រូបថតរបស់សារមន្ទីរ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង យោង ៖ គេហទំព័រសារព័ត៌មាន Vice ចំណងជើងថា These People Were Arrested by the Khimer Rouge and Never Seen Again ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានកិត្តិយសជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះ មានការ បង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះ ទទួលរងនូវការគម្រាមកំហែងពីសំណាក់ពួកខ្មែរក្រហម។

ក្រសួង មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការ ប្រើប្រាស់រូបថតរបស់សារមន្ទីរ។

ក្រសួង_សូមជម្រាបជូនសាធារណជនមេត្តាជ្រាបដែរថា សារមន្ទីរពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយ ជាមួយបុគ្គលខាងលើនេះទេ។ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរ ត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរទួលស្លែង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួង សូមអំពាវនាវឲ្យបុគ្គលឈ្មោះ Matt Loughrey និងបណ្តាញសារព័ត៌មាន Vice លុបរូបទាំងអស់នេះចេញពីបណ្តាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជន កុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ។

ក្រសួង នឹងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ក្នុងករណីបុគ្គលឈ្មោះ Matt Loughrey មិនអនុវត្តទៅតាមសេចក្តីណែនាំខាងលើ។
ដោយឡែកនៅថ្ងៃដដែលនេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជាបានថ្លែងថា, ខ្ញុំមានរឿង២ចែករំលែកអំពី ជនបរទេសខ្លះឡប់!
ទី១• នៅឆ្នាំ២០១៧ ខ្ញុំក្នុងនាមប្រធាន ស.ស.ស.ក បានតវ៉ាស្នើទៅទូរទស្សន៍ CNN ឲ្យឈប់ផ្សាយឯកសារកាឡៃសាច់រឿងមួយសហការផលិតដោយអង្គការ AIM មានចំណងជើងថា «ម្តាយជាស្ត្រីខ្មែរលក់កូនឲ្យបម្រើផ្លូវភេទ ដើម្បីយកលុយចិញ្ចឹមជីវភាព»។ តួនៅក្នុងឯកសារនោះ គឺសុទ្ធតែជាស្ត្រីវៀតណាម។ វប្បធម៌ខ្មែរ ទឹកចិត្តម្តាយខ្មែរ មិនអាក្រក់រហូតលក់កូននោះទេ។ ប៉ុន្តែ បរទេស ដើម្បីលុយជំនួយ គេហ៊ានកាឡៃសាច់រឿងបោកទីផ្សារបរទេស។ យើងជាខ្មែរ ទទួលយកការបំភ្លៃប្រមាថបែបនេះ មិនបានទេ។ បើគ្មានការតវ៉ា រឿងនេះនៅតែជាមុខរបរសម្រាប់អាជីវកម្ម និងការយល់ច្រឡំដល់សព្វថ្ងៃ។ ប៉ុន្តែ ចាប់តាំងពីការតវ៉ាតាំងពីពេលនោះមក ខ្ញុំមិនដែលឃើញ CNN ផ្សាយបញ្ហានេះទៀតទេ។
ទី២• ថ្មីៗនេះ ជនជាតិអៀកឡង់ ជាវិចិត្រករ បានប្រើបច្ចេកវិទ្យាឆ្នៃរូបថតជនរងគ្រោះនៅគុកទួលស្លែង ដើម្បីបម្រើគោលដៅលក់តាម Internet ហើយផ្សាយនៅកាសែត The Vice។ យើងទទួលយកមិនបានចំពោះទង្វើប្រមាថជនរងគ្រោះ និងការកាឡៃប្រវត្តិសាស្ត្រជាតិរបស់យើង។ រូបថតកាឡៃ៤-១០សន្លឹកនេះ មានឥទ្ធិពលធ្វើឲ្យមនុស្សជំនាន់ក្រោយយល់ច្រឡំពីឧក្រិដ្ឋកម្មខ្មែរក្រហម ទៅជារឿងលេងសើច។ បើយើងមិនបញ្ឈប់ករណីនេះជាបន្ទាន់ ជនបរទេសឡប់ខួររូបនោះ នឹងបន្តកែរូបភាពច្រើនឡើងថែមទៀត ដើម្បីអាជីវកម្មឆ្កួតៗលើវិញ្ញាណព្រលឹងជនរងគ្រោះ។ ក៏មានអ្នកខ្លះ Share រូបកែ ហើយសរសេរ «Interesting»។ លោកបន្តថា, នេះគឺជាការឡប់បន្ត ដែលកើតចេញពីការចាប់អារម្មណ៍លើរូបកាឡៃ ដោយមិនយល់អ្វីសោះចំពោះការពិតនៃប្រវត្តិសាស្ត្រជាតិ។ បែបនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះការខិតខំប្រឹងប្រែងទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ឥឡូវ បញ្ហានេះបានជ្រាបដល់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយកំពុងមានវិធានការបន្ទាន់ ដើម្បីឈានទៅលុបបំបាត់ទង្វើឆ្កួតលេលារបស់ជនបរទេស ចំពោះជាតិយើង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖