ខេត្តកណ្ដាល៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ១ខ្នងឆេះខូចខាតទាំងស្រុង និង១ខ្នងទៀតរងការខូចខាតអស់ជញ្ជាំងមួយចំហៀង រួមទាំងបាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ ដោយសារអុជធូបទៀនមិនប្រយ័ត្ន។
ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះមាន២ខ្នងគឺ ទី១-ផ្ទះធ្វើអំពីឈើ ថ្មក្រោម ជញ្ជាំងឈើ ដំបូលប្រក់គ្បឿង ក្រាលក្តា មានទទឹង ៩ម៉េត្រ និងបណ្ដោយ១២ម៉ែត្រ ឆេះអស់ទាំងស្រុង សំភារៈខូចខាតនិងទ្រព្យសម្បត្តិអស់ជាង១៥មុឺនដុល្លារជារបស់ឈ្មោះ មាស សីថុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ឆាង ចន្ធូ អាយុ៥១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ និងទី២- ផ្ទះធ្វើអំពីឈើ ប្រក់គ្បឿងមានទទឹង៥,៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ ឆេះអស់ជញ្ចាំងមួយចំហៀង ជារបស់ឈ្មោះ ស៊ុន ចន្ធូ ភេទស្រីអាយុ៥៣ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមាន កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយបានទទួលព័ត៌មានថា មានករណី អគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិឃុំកើតហេតុ ភ្លាមនោះ កម្លាំងអាជ្ញាធរស្រុក ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ជួយពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុកចំនួន៣គ្រឿង ប្រើទឹកអស់៥រថយន្ត និងរថយន្តធុនតូច១គ្រឿង ប្រើរយៈពេលជាង១ម៉ោង ទើបរលត់ជាស្ថាពរ។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ បណ្តាលមកពីអុជទានធូបខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ស្អាង ជ័យ