ភ្នំពេញ៖ ដើមសប្តាហ៍មុននេះបទចម្រៀងមួយបទរបស់ទ្រង់មានចំណងជើងថា “តាលុងផ្តាំស្នេហ៍” ជាចង្វាក់តាលុង និងច្រៀងរួមគ្នាជាមួយលោក អ៊ុង សុគន្ធណារ៉ុង ដោយទទួលបានការពេញចិត្តច្រើនពីទអ្នកគាំទ្រ ក្រោយពីបញ្ចេញនៅលើគណនីយបណ្តាញសង្គមទ្រង់ និងទទួលបានការបញ្ចេញយោបល់កោតសរសើរពីព្រះរាជទេពកោសល្យ ឆោមលោមពណ៌ និងព្រះសូរសៀងគួរឲ្យចង់ស្តាប់មិនចេះជិនណាយ។កាន់តែធ្វើឲ្យអ្នកគាំទ្រទ្រង់ពេញចិត្តស្តូកគឺក្រោយពីព្រះនាងតូចបានបង្ហាញព្រះភ័ក្រក្នុងបទចម្រៀងចង្វាក់លាំលាវរួមគ្នាជាមួយលោក ថន ណារ៉ុង គឺបទ”ក្រមុំស្រុកណា” អមដោយក្បាច់រាំ និងការតុបតែងព្រះកាយសមសួនទៅតានអត្ថន័យនៃបទចម្រៀង។ ទន្ទឹមនឹងការគាំទ្រទ្រង់លើស្នើព្រហស្ថព្រះនេះដែរ ទ្រង់ក៏រងពាក្យរិះគន់មួយចំនួនពីទស្សនិកជន ថាទ្រង់មានព្រះជន្មវ័យក្មេងមិនគួរបង្ហាញការសម្តែង និងព្រះសូរសៀងបែបផ្តោះផ្តងជាមួយបុរសពេញវ័យ ដែលនាំឲ្យជះឥទ្ធិពលមិនល្អទៅកាន់ក្មេងៗ។
គេសង្កេតឃើញការរិះគន់នេះបានកើតមានឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram ។ ដោយអ្នករិះគន់បានលើកឡើង បទចម្រៀងបែបឡេបខាយស្នេហារវាងបុរសនិងស្ត្រី ហើយត្រូវបានលើកយកមកច្រៀង ដោយព្រះនាងតូច នរោត្តម ជេនណា ដែលមានព្រះជន្មមិនដល់១០វស្សាផង។ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់បានស្នើឲ្យអាណាព្យាបាលគិតឡើងវិញអំពីរូបភាពនេះដែលអាចជះឥទ្ធិពលទៅលើក្មេងៗបាន។ សារនេះទទួលបានការចែករំលែកជាច្រើនពេញបណ្តាញសង្គម អមដោយការគាំទ្រមតិមួយនេះ ក៏ស្របទៅនឹងការលើកឡើងមិតិតផ្ទុយគ្នាចម្រូងចម្រាស់លើប្រធានបទនេះផងដែរ ដោយអ្នកគាំទ្រទ្រង់លើកឡើងថា ត្រឹមជាការសម្តែង ដែលទាំងការតុបតែងខ្លួនឆ្លុះបញ្ចាំងពីមនុស្សពេញវ័យ។ ខណៈដែលអ្នកគាំទ្រទ្រង់ក៏បានលើកឡើងដោយការធៀបជុំវិញកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀងអន្តរជាតិ The Voice Kid នៅបណ្តាប្រទេសនានាជុំវិញពិភពលោកអនុញ្ញាតិឲ្យកុមារលើកយកបទចម្រៀងមនុស្សពេញវ័យបញ្ចេញសមត្ថភាពផងដែរ។
បើទោះបីជាលេចចេញការរិះគន់កាលពីថ្ងៃអាទិត្យកន្លងទៅមែន ប៉ុន្តែបទចម្រៀងទាំងពីរបទខាងលើនៅមិនមានការលប់ចេញពីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ទ្រង់ ដែលមានអ្នក Follow ១លាន៣សែននាក់នោះឡើយ៕
ដោយ៖ វឌ្ឍនា