ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចុះទៅអន្តរគមន៍ប្រាប់ម្ចាស់កាស៊ីណូ តុងហ្វាងប៉ាលីរិន និងបុគ្គលិកទាំងអស់ដែលកំពុងប្រមូលផ្ដុំគ្នាបើកប្រាក់ខែ ត្រូវឲ្យអនុវត្តន៍គោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល” ៣កុំ និង៣ ការពារ”។
បើតាមសម្តីអាជ្ញាធរ បានបញ្ជាក់ថា ការប្រមូលផ្តុំគ្នានៅចំណុចមុខកាស៊ីណូនេះ បានធ្វេីឡេីងនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលិកបម្រើការ បានប្រមូលផ្តុំគ្នា រង់ចាំបើកប្រាក់ខែ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ចុះធ្វើការអប់រំ និងបំបែកភ្លាមៗ ដោយរៀបចំឱ្យមាន គម្លាតសុវត្ថិភាព ព្រមទាំងបានធ្វើការណែនាំ ដល់អ្នកគ្រប់គ្រងកាស៊ីណូ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានសំខាន់ៗ របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍ណែនាំ ៣កុំ និង ៣ ការពារ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការ ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
គួរបញ្ជាក់ដែរថា ករណីនេះ គឺជាការខ្វះចន្លោះចំពោះកាស៊ីណូ តុងហ្វាង ប៉ាលីរិន ដែលក្នុងការគ្រប់គ្រងបុគ្គលិក ដោយអនុវត្តខុស ទៅនឹងគោលការណ៍គម្លាត សុវត្ថិភាព ដែលដាក់ចេញ ដោយក្រសួងសុខាភិបាល ក្នុងករណីបន្តប្រព្រឹត្ត នូវកំហុសដដែល ឬគោលការណ៍នាំផ្សេងៗ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការពិន័យ ដោយគ្មានការលើកលែង នោះឡើយ៕ដោយ៖សហការី