ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប ! អាជ្ញាធរបង្ហាញផែនទីទីតាំងដែលត្រូវបានបិទខ្ទប់ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្ហាញផែនទីទីតាំងដែលត្រូវបានបិទខ្ទប់ (LockDown) ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋតាមដាន។

ក្នុងនោះរដ្ឋបាលសាលារាជធានីភ្នំពេញបញ្ជ០ថា, ទីតាំងដែលត្រូវបានបិទខ្ទប់នោះរួមមាន៖
ទី១- ខណ្ឌសែនសុខ៖ ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម
ទី២- ខណ្ឌមានជ័យ៖ ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី១, ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី២, ភូមិទ្រា៤ ភូមិដំណាក់ធំ២ ភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣
ទី៣- ខណ្ឌពោធិ៍សែនជ័យ៖ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងជើង ភូមិប៉ប្រកខាងត្បូង ភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១, ភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២, ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១។

សូមបញ្ជាក់ថា, ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់។
សូមជម្រាបជូនថា, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ រួមមានថវិកា​ អង្ករ មី ត្រីខ​ បានដឹកមកដល់រដ្ឋបាលរាជធានីភំ្នពេញជាបន្តបន្ទាប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខ្លាំង និងជាតំបន់ដែលបងប្អូនកម្មករ កម្មការិនីរោងចក្ររស់នៅច្រើន។
លោកថ្លែងបន្តថា, គិតមកដល់ព្រឹកនេះរដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកបាន៣.៨៩៨គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖