ភ្នំពេញ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រ គឺជាអំពើល្អដែលជួយឱ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោក យុទ្ធ បានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកត្រូវបានគេជ្រើសរើសជាជ័យលាភី លោកនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
បុរសដែលជាមន្ត្រីសម្របសម្រួលប្រចាំសមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការមួយក្នុងខេត្តក្រចេះរូបនេះ បានផ្តល់ការសិក្សាដល់សិស្សក្រីក្រ និងកុមារផ្សេងទៀតនៅក្នុងសហគមន៍របស់លោកដោយឥតគិតថ្លៃ។
គំនិតជួយកុមារនេះបានកើតមានឡើងបន្ទាប់ពីលោកបានទៅទស្សនាកោះទ្រង់ដែលជាកោះអេកូទេសចរណ៍សម្បូរដោយភ្ញៀវទេសចរបរទេស ស្ថិតនៅត្រើយម្ខាងនៃក្រុងក្រចេះ។ នៅពេលនោះ លោកសង្កេតឃើញថា ទាំងកុមារនិងមនុស្សចាស់នៅលើកោះនោះអាចប្រើប្រាស់ភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖ “ខ្ញុំគិតថា ប្រសិនបើបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ វាធ្វើឱ្យតំបន់នោះក្លាយជារឿងដែលល្អនៅថ្ងៃក្រោយសម្រាប់ពលរដ្ឋដែលរស់នៅទីនោះ”។
ដូច្នេះ ក្នុងខែមករា ឆ្នាំ២០១៦ លោកបានសហការជាមួយសាលាបឋមសិក្សារដ្ឋមួយនៅលើកោះនោះដើម្បីបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់កុមារប្រហែល ៧០នាក់ដោយមានជំនួយស្ម័គ្រចិត្តពីគ្រូបរទេស ២នាក់ផ្សេងទៀត។ តែដោយសារកិច្ចសហការនេះមិនមានភាពរលូន ការបង្រៀននេះបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំដដែល។
ក្រោយមកក្នុងខែដដែលនោះ លោកបានសម្រេចចិត្តបានដំណើរការសាលារៀនមួយឈ្មោះថា សាលាដូលហ្វីន នៅផ្ទះរបស់លោកផ្ទាល់ក្នុងក្រុងក្រចេះ ដើម្បីបន្តឆន្ទៈរបស់លោក។ តែក្រៅពីផ្តល់ការសិក្សាភាសាអង់គ្លេស សាលារបស់លោកក៏បានបន្ថែមមុខវិជ្ជាកុំព្យូទ័រថ្នាក់មូលដ្ឋាន និងបណ្ណាល័យថែមទៀតផង។
លោកថ្លែងថា៖ “ខ្ញុំសម្រេចបង្កើតសាលានេះដើម្បីឱ្យក្មេងនៅទីរួមខេត្តនេះទទួលបានការអប់រំពិសេស។ ជាពិសេសទៅទៀត ភាសាអង់គ្លេសរបស់ពួកគាត់នៅបឋមសិក្សា រៀនបានតិចតួចនៅឡើយ។ អញ្ចឹងនៅពេលពួកគេឡើងថ្នាក់ទី ៧ មានការលំបាកណាស់ផ្នែកភាសាអងគ្លេសហ្នឹង”។
លោកថ្លែងថា ការបង្កើតសាលារៀននេះទទួលបានជោគជ័យដោយចាប់ផ្តើមពីសិស្ស ៥នាក់រហូតដល់ជាង ១០០នាក់នៅសាខាទី១ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។
សាលារបស់លោកក៏មានសាខាមួយទៀតផងដែរស្ថិតនៅក្នុង ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីសាខាទី១។ នៅសាខានេះ មានសិស្សប្រហែលពី ៧០ ទៅ ៨០នាក់។
ជាអកុសលដោយសារការរាតត្បាតជំងឺកូវីដ សាលាទី២នេះបានបិទដំណើរការបណ្តោះអាសន្នហើយដោយសារខ្វះខាតគ្រូស្ម័គ្រចិត្ត ជាពិសេសគ្រូបរទេស ដែលជាធម្មតាពួកគាត់មកស្នាក់នៅរយៈពេលវែងក្នុងទីក្រុងនេះក្រោយការចូលនិវត្តន៍ពីប្រទេសរបស់ពួកគាត់។
សព្វថ្ងៃ សាលារបស់លោក យុទ្ធ មានគ្រូស្ម័គ្រចិត្តចំនួន ៥នាក់ ក្នុងនោះមានគ្រូបរទេសម្នាក់។ ក្នុងចំណោមគ្រូស្ម័គ្រចិត្តខ្មែរ មានយុវតីម្នាក់គឺជាសិស្សពូកែប្រចាំសាលា ដែលបានស្ម័គ្រចិត្តជួយបង្រៀនក្រោយទទួលបានចំណេះដឹងដែលអាចមានលទ្ធភាពបង្រៀនបាន។
លោក ហ៊ុន សុធា ជាគ្រូបង្រៀនបឋមសិក្សា និងភរិយា ហ៊ុន ដានីតា ជាស្រ្តីមេផ្ទះគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនដែលបញ្ជូនកូនរបស់ពួកគាត់ទៅសិក្សានៅសាលាដូលហ្វីន។
លោកថ្លែងថា៖ “សាលានេះគឺជាសាលាដែលមានប្រយោជន៍ចំពោះកូនខ្ញុំច្រើន។ ទីមួយ គ្រូសុទ្ធតែជាគ្រូល្អៗ មានចំណេះដឹង និងវិធីសាស្រ្តបង្រៀនគាត់ប្លែកៗ ហើយមួយទៀតនោះ គឺដោយសារស្ថានភាពគ្រួសារលុយកាក់មិនសូវមានច្រើន ទន្ទឹមនឹងសាលាល្អហើយ រៀនអត់អស់លុយទៀត”។
អ្នកស្រី សុង សុខខេង អាយុ ៤០ឆ្នាំ ជាស្រ្តីមេផ្ទះ និងមានប្តីជាជាងសំណង់ដែលមានជីវិភាពមិនជាធូរធាប៉ុន្មាននោះ បានបញ្ជូនកូន ២នាក់ក្នុងចំណោមកូន ៤នាក់របស់គាត់ឱ្យទៅរៀនភាសាអង់គ្លេសនៅសាលាភាសាដូលហ្វីនរយៈពេល ២ឆ្នាំមកហើយ។ ក្រៅពីកូន អ្នកស្រីក៏មានក្មួយ៥នាក់ទៀតរៀននៅសាលានេះផងដែរ។
អ្នកស្រីថ្លែងថា៖ “បើរៀននៅសាលាឯកជន យើងអត់មានលទ្ធភាព។ អញ្ចឹងសាលារបស់គាត់បានផ្តល់ឱ្យកូនរៀនចេះដោយមិនយកលុយ”។ អ្នកស្រីបន្ថែមថា៖ “សាលាហ្នឹងជួយច្រើន គាត់មិនរើសអើងចំពោះអ្នកអត់ ឬអ្នកមានទេ។ គាត់ទទួលយកទាំងអស់ឱ្យតែកូនចូលរៀន”។
ទាក់ទងនឹងថវិកាដែលចំណាយលើសាលា លោក អ៊ុក យុទ្ធ ថ្លែងថា លោកប្រើប្រាស់ប្រាក់ខែមួយចំណែកដើម្បីចំណាយលើប្រតិបត្តិការ ខណៈមានការឧបត្ថម្ភម្តងម្តាលពីសប្បុរសជនទាំងផ្នែកថវិកា និងសម្ភារបង្រៀន។
លោកថ្លែងថា៖ “នៅស្រុកខ្មែរមានអ្នកចិត្តល្អជាច្រើន គេក៏អាចធ្វើដូចខ្ញុំអញ្ចឹងដែរ។ ខ្ញុំមិនមានថវិកាអីច្រើនទេ ប៉ុន្តែយើងព្យាយាមជួយសង្គមរបស់យើង។ សង្គមយើងតែងត្រូវការយើង អញ្ចឹងសូមឱ្យយើងជួយគ្នាទៅវិញទៅមកតាមលទ្ធភាពដែលយើងមាន កុំគិតថា ចាំយើងមានចាំយើងជួយ”។
លោកបន្ថែមថា បើលោកមានឱកាសទទួលបានប្រាក់រង្វាន់ លោកនឹងប្រើទឹកប្រាក់នេះដើម្បីកែលម្អទីតាំងសាលា និងប្រើសម្រាប់ប្រតិបត្តិការសាលាដើម្បីទទួលសិស្សបន្ថែមទៀត។ លោកក៏មានបំណងផ្តល់ការអប់រំជាភាសាខ្មែរផងដែរបើលោកមានលទ្ធភាព។
ក្រៅពីការផ្តល់ការបង្រៀនដោយឥតបង់ប្រាក់ លោកក៏ផ្តល់អាហារពេលព្រឹកដល់កុមារក្រីក្រខ្លាំងជាង ២០នាក់ផងដែរដូចជាផ្លែឈើនំបុ័ង បាយ ទឹកសណ្តែកឬទឹកដោះគោ ដោយផ្តល់ជូន ២ថ្ងៃក្នុងមួយអាទិត្យ។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក អ៊ុក យុទ្ធ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4KttT4hrYj/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវាSmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh