ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកើតកូវីដ-១៩នៅខេត្តស្វាយរៀងកើនដល់ ២០០នាក់ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ខណៈអ្នកជាសះស្បើយ ៥១នាក់អាជ្ញាធរអំពាវនាវអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនិងឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យដើម្បីតាមដានសុខភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀងពុំទាន់មានការថមថយនៅឡើយទេ ដោយមានអ្នកឆ្លងកើនជាបន្តបន្ទាប់ធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ ដោយនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានអ្នកឆ្លងកូវីដ-១៩នៅខេត្តស្វាយរៀងចំនួន ២០០ នាក់ក្នុងនោះអ្នកជាសះស្បើយ ៥១នាក់អាជ្ញាធរខេត្តស្វាយរៀងអំពាវនាវអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កនិងឲ្យក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តដើម្បីតាមដានសុខភាព។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះថារហូតមកដល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនដល់ ២០០នាក់ហើយក្នុងនោះស្រី៧៧នាក់ ចំណែកអ្នកជាសះស្បើយ៥១នាក់ ស្រី២៨នាក់ និងមានអ្នកស្លាប់ម្នាក់ហើយចំពោះទីតាំងមុខរបររកសុីនិងលំនៅដ្ឋានដែលប៉ះពាល់មានចំនួន៣៨ទីតាំង ហើយអ្វីដែលជាពិសេសនោះគឺការបិទខ្ទប់ការចេញចូលកាស៊ីណូនៅក្រុងបាវិតរហូតដល់ថ្ងៃទី ១៨ ខែមេសា និងអនុវត្តន៍វិធានសុខាភិបាលរហូតដល់ថ្ងៃ ១៨មេសាដែរ ព្រោះនៅក្នុងកាសុីណូវាមានហានិភ័យងាយងាយឆ្លងជំងឺ ដូច្នេះត្រូវតែបិទខ្ទប់ការចេញចូលកាស៊ីណូដើម្បីប្រមូលអ្នកដែលពាក់ព័ន្ធធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ។

សូមបញ្ជាក់ថានៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ និងវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩  ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀងផងដែរ។

ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅខេត្តស្វាយរៀងមានការយល់ដឹងច្រើនអំពីវិធានការការពារសុខាភិបាលដោយនៅទីតាំងកន្លែងមួយចំនួនដូចជានៅទីប្រជុំជនតាមផ្សារ សង្កេតឃើញមានប្រជាពលរដ្ឋពាក់ម៉ាស់ បាញ់អាល់កុល និងមានការការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនផងដែរ ហើយអាជ្ញាធរបានចាក់មេក្រូផ្សព្វផ្សាយអំពីវិធានការការពារសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិស្រុក ក្រុងនានានៅក្នុងខេត្តស្វាយរៀងដើម្បីចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖